សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អក្ខរកម្មគឺជាមូលដ្ឋានគ្រឹះ នៃការលើកកម្ពស់គុណភាពអប់រំ
AKP ភ្នំពេញ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦–នៅក្នុងឆ្នាំ២០២៦នេះ ទិវាអក្ខរកម្មជាតិ ៨ កញ្ញា ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន» ដែលជាប្រធានបទដ៏សំខាន់មួយនិងមានអត្ថន័យយ៉ាងជ្រាលជ្រៅ សំដៅបង្កើនការយល់ដឹងកាន់តែទូលំទូលាយក្នុងចំណោមប្រជាពលរដ្ឋនៅទូទាំងប្រទេស អំពីសារៈសំខាន់នៃកម្មវិធីអក្ខរកម្ម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍចំណេះដឹងមូលដ្ឋាន និងសមត្ថភាពជំនាញវិជ្ជាជីវៈ។
តាមរយៈ សារលិខិត អបអរសាទរទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២៦ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ដែលអ្នកសារព័ត៌មានទទួលបាននៅថ្ងៃទី៦ ខែកញ្ញានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា «អក្ខរកម្មគឺជាមូលដ្ឋានគ្រឹះ នៃការលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន។ អក្ខរកម្មនៅក្នុងបរិបទសតវត្សទី២១ មិនត្រឹមតែនិយាយអំពីសមត្ថភាពអាន សរសេរ និងគណនាលេខនព្វន្តប៉ុណ្ណោះទេ ប៉ុន្តែបានរួមបញ្ចូលទាំងសមត្ថភាពប្រើប្រាស់ព័ត៌មាន ការគិតវិភាគ ការដោះស្រាយបញ្ហា អក្ខរកម្មឌីជីថល ភាពជាពលរដ្ឋសកល ពលរដ្ឋឌីជីថល ដែលចាំបាច់សម្រាប់ ការរស់នៅក្នុងពិភពលោកទំនើបប្រកបដោយបច្ចេកវិទ្យា និងវិទ្យាសាស្ត្រជឿនលឿន»។
ស្របពេលដែលពិភពលោកកំពុងអបអរទិវាអក្ខរកម្មអន្តរជាតិ ប្រធានបទនេះក៏បានបំពេញបន្ថែមជាមួយនឹង ប្រធានបទនៃទិវាអក្ខរកម្មអន្តរជាតិ ដោយផ្តោតលើការកសាងមូលធនមនុស្សឱ្យមានចំណេះដឹង សមត្ថភាព សីលធម៌ ការទទួលខុសត្រូវ និងសមត្ថភាពក្នុងការរស់នៅ និងចូលរួមអភិវឌ្ឍសង្គមក្នុងបរិបទដែលពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដែលការណ៍នេះស្របជាមួយគ្នានឹងគោលដៅអភិវឌ្ឍន៍ជាតិ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ជាពិសេសគោលដៅទី៤ ស្តីពី «ការធានាការអប់រំ ប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងការលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់មនុស្សគ្រប់រូប»។
ទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យក «មនុស្ស» ជាអាទិភាព គន្លឹះទី១ និងផ្តោតលើការពង្រឹងគុណភាពអប់រំ ការលើកកម្ពស់អក្ខរកម្ម ការអភិវឌ្ឍជំនាញ និងឱកាសសិក្សាពេញមួយជីវិត ដោយធានាថា មនុស្សគ្រប់រូបទាំងកុមារ យុវជនក្រៅសាលា កម្មករ កម្មការិនីរោងចក្រ និងមនុស្សពេញវ័យ នៅគ្រប់តំបន់ ជាពិសេសអ្នករស់នៅតំបន់ជនបទ តំបន់ជួបការលំបាក ជនជាតិដើមភាគតិច ជនមានពិការភាព និង ក្រុមប្រជាជនងាយរងគ្រោះ មានឱកាសទទួលបានការអប់រំដោយគ្មានការរើសអើង និងគ្មាននរណាម្នាក់ត្រូវបានផាត់ ចេញឡើយ។
ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការលើកកម្ពស់អក្ខរកម្មថាជាការវិនិយោគដ៏មានតម្លៃបំផុតលើមនុស្ស ព្រោះការផ្តល់ចំណេះដឹង និងជំនាញដល់ប្រជាពលរដ្ឋ គឺជាការបង្កើតកម្លាំងចលករសម្រាប់ចូលរួមក្នុង សកម្មភាពសង្គម សេដ្ឋកិច្ច វប្បធម៌ និងឱកាសនៃការសិក្សាពេញមួយជីវិតសំដៅកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ ផលិតភាពការងារ ការពង្រឹង សុខុមាលភាពគ្រួសារ និងការកសាងសង្គមពុទ្ធិប្រកបដោយសមធម៌ ភាពធន់ នវានុវត្តន៍ បរិយាបន្ន និងចីរភាព។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតីសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅសម្រាប់វិស័យអប់រំប្រកបដោយប្រសិទ្ធភាព និងភាពលេចធ្លោ ក្នុងការអនុវត្តគោលនយោបាយលើកកម្ពស់វិស័យអប់រំប្រកបដោយបរិយាបន្ន និងបណ្តុះនូវមនសិការពលរដ្ឋល្អ និង ស្មារតីស្នេហាជាតិ។
ក្រសួងអប់រំ យុវជន និងកីឡា បានបន្តធ្វើការកែទម្រង់លើអាទិភាពមួយចំនួនក្នុងវិស័យអប់រំ ដូចជា ការពង្រឹងអភិបាលកិច្ចសាលារៀន កម្មវិធីសាលារៀនគំរូ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន កំណែទម្រង់ការប្រឡង ជាពិសេសការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ តាមរយៈការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការសិក្សាមុខវិជ្ជាទាក់ទងនឹងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅមធ្យមសិក្សាចំណេះទូទៅ ការសិក្សាជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យានៅឧត្តមសិក្សា ការលើកកម្ពស់ការសិក្សាភាសាបរទេស ការបណ្តុះបណ្តាលជំនាញសតវត្សទី២១ ការអប់រំឌីជីថល ការអប់រំបច្ចេកទេសនៅតាមវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស និងការលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិត។
ជាមួយគ្នានេះ ក្រសួងបានផ្តល់ការគាំទ្រនូវកម្មវិធីផ្សេងៗជាច្រើនសម្រាប់យុវជននិងកុមារងាយរងគ្រោះ ក្នុងនោះកម្មវិធីអក្ខរកម្មអប់រំពហុភាសាសម្រាប់ជនពេញវ័យ តាមរយៈការអប់រំក្រៅប្រព័ន្ធ និងកម្មវិធីអប់រំ ពហុភាសាសម្រាប់កុមារមកពីសហគមន៍ជនជាតិដើមភាគតិច តាមរយៈការអប់រំក្នុងប្រព័ន្ធ។
កម្មវិធីនេះ អនុវត្តដោយ មានការផ្តួចផ្តើមចងក្រងប្រព័ន្ធអក្ខរក្រម សម្រាប់ភាសាកំណើតជនជាតិដើមភាគតិចទំពួន គ្រឹង ពៅ កាវ៉ែត ព្នង និង ភាសាចារ៉ាយ ដោយយកប្រព័ន្ធអក្ខរក្រមភាសាខ្មែរធ្វើជាគោល ហើយមានយន្តការក្របខ័ណ្ឌគតិយុត្ត កម្មវិធីសិក្សា និង សម្ភារៈសិក្សា ស្របតាមកម្មវិធីសិក្សាជាតិ ដោយផ្សារភ្ជាប់ទៅនឹងទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌របស់សហគមន៍ ជនជាតិដើមភាគតិចនីមួយៗ។
ទន្ទឹមនឹងនេះ ក្រសួងបានយកចិត្តទុកដាក់ជាពិសេសលើការផ្តល់ឱកាសសិក្សាដល់ ជនមានពិការភាព និងជនស្ថិតក្នុងសេចក្តីត្រូវការពិសេស តាមរយៈការពង្រឹងការអប់រំបរិយាបន្ន ការអប់រំពិសេស ការបណ្តុះបណ្តាលគ្រូបង្រៀន ការកែលម្អបរិយាកាសសិក្សា ការអភិវឌ្ឍសម្ភារៈសិក្សានិងផ្តល់សម្ភារៈសិក្សាសមស្រប ការប្រើប្រាស់ភាសាសញ្ញា អក្សរប្រៃយ៍ (Braille) និងឧបករណ៍ជំនួយផ្សេងៗ ដើម្បីធានាថា គ្មានកុមារ យុវជន ឬជនណាម្នាក់ ត្រូវបានរារាំងពីការទទួលបានការអប់រំដោយសារតែពិការភាព ឬសេចក្តីត្រូវការពិសេសរបស់ខ្លួនឡើយ៕

ដោយ៖ គង់ សិរីរ័ត្ន





