ឯកឧត្តម សុខ លូ ពិនិត្យកសិដ្ឋានចិញ្ចឹមគោនៅស្រុកបាណន់ ដែលបង្កើតឡើងដោយកូនខ្មែរ
AKP បាត់ដំបង ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ -- ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានអញ្ជើញចុះពិនិត្យកសិដ្ឋានចិញ្ចឹមគោសាច់ RPRU ដែលបង្កើតឡើងដោយកូនខ្មែរ ដែលមានទីតាំងស្ថិតនៅភូមិព្រៃផ្ដៅ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
បើតាមអ្នកគ្រប់គ្រងកសិដ្ឋាន បានឱ្យដឹងថា បច្ចុប្បន្ន កសិដ្ឋានមានមេគោពូជ និងមេគោបង្កាត់សិប្បនិម្មិតជាង ១.០០០ក្បាលចាប់ផ្ដើមបង្កាត់កាលពីអំឡុងចុងឆ្នាំ២០២៥ ហើយរហូតមកដល់ពេលនេះទទួលបានកូនគោដែលអាចបញ្ចេញបានសម្រាប់ផ្គត់ផ្គង់កសិដ្ឋានគោសាច់។

កសិដ្ឋានត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០២២ លើផ្ទៃដីប្រមាណជាង ៦០ហិកតា មានការចុះបញ្ជីត្រឹមត្រូវនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយទទួលបានវិញ្ញាបនបត្រជាកសិដ្ឋានគ្មានជំងឺឆ្លងទូទាំងប្រទេស។ ជំហានដំបូង កសិដ្ឋានបានសាកល្បងចិញ្ចឹមគោសាច់ប្រមាណជាង ៤០០ក្បាល រហូតមកដល់ឆ្នាំ២០២៦ នេះ មានជាង ៤.០០០ក្បាល និងគ្រោងពង្រីកឱ្យបាន ៦.០០០ក្បាលនៅចុងឆ្នាំ២០២៦។

គោសាច់នាពេលបច្ចុប្បន្ននេះ មានតម្លៃល្អប្រសើរដែលធ្វើឱ្យប្រជាកសិករបន្តការចិញ្ចឹមគោ។ អ្នកគ្រប់គ្រងកសិដ្ឋាន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តបាត់ដំបង និងមន្ទីរអង្គភាពពាក់ព័ន្ធ ដែលតែងតែលើកទឹកចិត្តក្នុងការងារចិញ្ចឹមគោសាច់។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ លើកទឹកចិត្តដល់កសិដ្ឋានឱ្យពង្រីកការចិញ្ចឹមគោសាច់ដែលមានគុណភាព និងសុវត្ថិភាពដើម្បីបង្កើនសមត្ថភាពផ្គត់ផ្គង់បំពេញតម្រូវការទីផ្សារក្នុងស្រុក៕

ដោយ៖ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)





