ខេត្តកំពង់ស្ពឺមានបេក្ខជន ៥.២២២នាក់បានប្រឡងជាប់សញ្ញាបត្រទុតិយភូមិ និង៣១នាក់ ទទួលបាននិទ្ទេសA
AKP កំពង់ស្ពឺ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦--លទ្ធផលប្រឡងសញ្ញាបត្រទុតិយភូមិ(បាក់ឌុប)ឆ្នាំ២០២៦ ខេត្តកំពង់ស្ពឺមានបេក្ខជនចំនួន ៥.២២២នាក់ បានជាប់ និង៣១នាក់(ស្រី២២នាក់) ទទួលបាននិទ្ទេសA, និទ្ទេស B សរុប ២៧៧នាក់(ស្រី ១៧៥នាក់), និទ្ទេស C ៩១៩នាក់ (ស្រី ៥៩១នាក់), និទ្ទេស D ២.០៣២នាក់ (ស្រី ១.៣០៦នាក់), និទ្ទេស E ១.៩៦៣នាក់ (ស្រី ១.០៦៤នាក់)នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ជាថ្ងៃប្រកាសលទ្ធផលប្រឡង។
ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំបង់ស្ពឺ បានលើកឡើងថា ថ្វីដ្បិតលទ្ធផលបេក្ខជនប្រឡងទទួលបាននិទ្ទេសA បានត្រឹមតែ ៣១នាក់ ថយជាងឆ្នាំ២០២៥ ដែលមានរហូតដល់ទៅ ៧៩នាក់ តែចំនួនអ្នកជាប់ក្នុងការប្រឡងគឺមានចំនួនច្រើនលើសលុប ដែលគិតជាភាគរយរហូតដល់ទៅជិត៩០%។


ឯកឧត្តមបណ្ឌិតអភិបាលខេត្តចាត់ទុកលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ដែលមានសិស្សជាប់ច្រើន គឺបានបង្ហាញពីការខិតខំប្រឹងប្រែង និងការកែលម្អគុណភាពនៃការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងការខិតខំរៀនសូត្រនៅតាមគ្រឹះស្ថានសិក្សានានាទូទាំងខេត្តផងដែរ។ បន្ថែមពីនេះក៏បានពីកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំ យុវជននិងកីឡា ផងដែរ ក្នុងការធានាការប្រឡងប្រព្រឹត្តទៅដោយរលូន និងស្របតាមគោលការណ៍(អ្នកចេះគឺជាប់)។


មួយវិញទៀត ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ ក៏បានបញ្ជាក់បន្ថែមថា ចំនួនអ្នកជាប់និទ្ទេសខ្ពស់ក៏ជាសក្ខីភាពបញ្ជាក់ពីការលើកទឹកចិត្ត ការពង្រឹងសមត្ថភាពបង្រៀនរបស់លោកគ្រូអ្នកគ្រូ និងការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ ពិសេសមាតាបិតា ដែលបានជំរុញ តាមដាន និងផ្តល់កម្លាំងចិត្តដល់កូនៗ។ ដូចអ្វីដែលបានសន្យា អ្នកដែលទទួលបាននិទ្ទេសA ក្នុងសម័យប្រឡងថ្ងៃទី១០ សីហា ឆ្នាំ២០២៦ នឹងទទួលបានការលើកទឹកចិត្តពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ៕

ដោយ ម៉ែន ប៊ុនធីម





