អង្គការ World Vision រៀបចំសិក្ខាសាលាវាយតម្លៃមណ្ឌលសុខភាពគម្រូចិញ្ចឹមកូនដោយទឹកដោះម្តាយ
AKP ភ្នំពេញ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦--អង្កការទស្សន:ពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា World Vision នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាពិនិត្យ និងឆ្លុះបញ្ចាំងដ៏សំខាន់មួយ ដើម្បីវិភាគលើលទ្ធផលនៃការវាយតម្លៃបឋមស្តីពី «មណ្ឌលសុខភាពគម្រូចិញ្ចឹមកូនដោយទឹកដោះម្តាយ»។

គោលបំណងសំខាន់ៗនៃសិក្ខាសាលានេះផ្ដោតលើ ការពិនិត្យមើលលទ្ធផលបឋម ដើម្បីវាយតម្លៃពីស្តង់ដារបច្ចុប្បន្នភាព មណ្ឌលសុខភាព។ ការស្វែងរកបញ្ហាប្រឈមក្នុងប្រតិបត្តិការ និងរួមគ្នាបង្កើតដំណោះស្រាយប្រកបដោយចីរភាព។ ការកំណត់លក្ខណៈវិនិច្ឆ័យសម្រាប់បំពាក់ផ្លាកសញ្ញា និងការទទួលស្គាល់ជាផ្លូវការនូវ «មណ្ឌលសុខភាពគម្រូចិញ្ចឹមកូនដោយទឹកដោះម្តាយ» ព្រមទាំងបង្កើតយន្តការលើកទឹកចិត្តដល់មណ្ឌលសុខភាពទាំងឡាយណាដែលកំពុងខិតខំប្រឹងប្រែងដើម្បីសម្រេចឱ្យបានតាមស្តង់ដារជាតិ។

តាមរយៈកិច្ចសហការយ៉ាងរឹងមាំជាមួយរាជរដ្ឋាភិបាល យើងបន្តលើកកម្ពស់អាហារូបត្ថម្ភដ៏ល្អប្រសើរបំផុតសម្រាប់ទារក និងកុមារតូចៗ ព្រមទាំងបង្កើតបរិស្ថានសុខភាពប្រកបដោយសុវត្ថិភាព និងការគាំទ្រដល់កុមារគ្រប់រូប។

សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងវិស័យសុខាភិបាល វេជ្ជបណ្ឌិត ភឹម លាន់ ប្រធានកម្មវិធីជាតិអាហារូបត្ថម្ភ, លោក គង់ ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ និងជាទីប្រឹក្សាក្រសួងសុខាភិបាល និងលោក វេជ្ជបណ្ឌិត ស៊ឹង រិទ្ទីរ៉េត តំណាងមន្ទីរសុខាភិបាល ខេត្តសៀមរាប ៕

ដោយ ណយ នឿន (ប្រភព៖World Vision)





