ម្ចាស់ផ្ទះកម្ពុជា ឈ្នះ យេម៉ែន ២-១ ខណៈជប៉ុន ឈ្នះ កូវ៉ែត ៤-០ វគ្គជម្រុះពូល G AFC U20 Asian Cup
AKP ភ្នំពេញ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦--ក្រុមបាល់ទាត់កម្ពុជាអាយុក្រោម២០ឆ្នាំ (U20) ប្រជែងបាន៣ពិន្ទុ នៅក្នុងប្រកួតដំបូងជាមួយក្រុមភ្ញៀវ U20 យេម៉េន ដោយលទ្ធផល ២-១ ខណៈជប៉ុន ឈ្នះ កូវ៉ែត ៤-០ នៅក្នុងការប្រកួតពូល G ពានរង្វាន់អាយុក្រោម២០ឆ្នាំប្រចាំទ្វីបអាស៊ី (AFC U20 Asian Cup China 2027 Qualifiers) កាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

នៅក្នុងការប្រកួតដ៏ស្វិតស្វាញនេះ ក្រុមម្ចាស់ផ្ទះកម្ពុជាបានធ្វើសម្រេច១គ្រាប់បើកការនាំមុខ១គ្រាប់មុន នៅនាទីទី១៥ ដែលរកបានដោយកីឡាករ ស៊ូ ម៉េងហុង ហើយនៅនាទី២៤ កីឡាករ Mokhtar របស់ក្រុមយេម៉ែន ធ្វើសម្រេចបាន១គ្រាប់តាមស្មើ ១-១ រហូតដល់បញ្ចប់វគ្គទី១។ ចូលដល់វគ្គទី២ នៅនាទី៥៦ កីឡាករ ឈឿន ដាវីន របស់កម្ពុជាធ្វើសម្រេចបានគ្រាប់ទី២ជូនក្រុម ដោយលទ្ធផលឈ្នះ ២-១ នេះរក្សាបានរហូតដល់បញ្ចប់ការប្រកួតពេញម៉ោង ៩០នាទី តែម្តង។ ចំពោះ១ប្រកួតទៀត ក្នុងពូល G នេះដែរ គឺក្រុមជប៉ុន ប្រជែងបាន៣ពិន្ទុ ក្រោយឈ្នះក្រុមកូវ៉ែត ៤-០។ ឆ្លងកាត់១ប្រកួតដូចៗគ្នា គឺក្រុមជប៉ុន ឈរលេខ១ ក្នុងពូលG ខណៈក្រុមម្ចាស់ផ្ទះ កម្ពុជា ឈរលេខ២ ជាមួយនឹង៣ពិន្ទុដូចគ្នា ខណៈយេម៉ែន ឈរលេខ៤ និងកូវ៉ែត ឈរលេខ៤ ជាមួយ ០ ពិន្ទុដូចគ្នា។

ចំពោះ២ប្រកួតបន្ទាប់ពីក្រុម U20 កម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្គោលកម្ពុជា ដែលជាជនជាតិជប៉ុន លោក Yoshida Yasuhiro ត្រូវប៉ះក្រុមខ្លាំង ជប៉ុន នាថ្ងៃទី០៣ ខែកញ្ញា និងប្រកួតទី៣ កម្ពុជាប៉ះកូវ៉ែត នាថ្ងៃទី០៦ ខែកញ្ញា ដោយ២ប្រកួតនេះធ្វើឡើងនៅវេលាម៉ោង ៧យប់ នៅពហុកីឡដ្ឋានជាតិអូឡាំពិកដូៗគ្នា។ កម្ពុជា ដែលធ្វើម្ចាស់ផ្ទះវគ្គជម្រុះប្រចាំពូល G នេះ គឺមាន៤ក្រុម គឺកម្ពុជា ជប៉ុន យេម៉ែន និងក្រុមកូវ៉ែត។

គួរបញ្ជាក់ថា វគ្គជម្រុះនេះមាន ៣២ក្រុមចែកជា៨ពូល ដោយក្នុង១ពូលៗមាន៤ក្រុមស្មើៗគ្នា ខណៈការប្រកួតជុំផ្តាច់ព្រ័ត្រគ្រោងធ្វើឡើងនៅប្រទេសចិន នាឆ្នាំ២០២៧ខាងមុខ៕

ដោយ ហេង ណាលីន (រូបភាព៖ FFC)


