ឯកឧត្តម សួស យ៉ារ៉ា ពិភាក្សាការងារជាមួយប្រធានរដ្ឋសភាស្តីទី ឡាវ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ -- ឆ្លៀតក្នុងឱកាសអញ្ជើញចូលរួមសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋសភាឡាវ ដឹកនាំដោយ លោកជំទាវបណ្ឌិត Sounthone XAYACHACK ប្រធានស្តីទីរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ក្នុងជំនួបនេះ ភាគីទាំងពីរបាន បញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ស្របតាមស្មារតីនៃជំនួបកំពូលរបស់ថ្នាក់ដឹកនាំកម្ពុជា-ឡាវ-វៀតណាម ព្រមទាំងបន្តគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាអន្តរសភានានា និងជំរុញការទូតសភា ដើម្បីរួមចំណែក ដល់ការលើកកម្ពស់សន្តិភាព កិច្ចសហប្រតិបត្តិការ និងផលប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសទាំងពីរ។

ជាមួយគ្នានេះ ភាគីទាំងពីរបានឯកភាពបន្តជំរុញការផ្លាស់ប្តូររវាងយុវជនកម្ពុជា និងឡាវ ឱ្យកាន់តែសកម្ម និងមានវិសាលភាពទូលំទូលាយ ដើម្បីរួមចំណែកពូនជ្រំចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ សម្រាប់យុវជនជំនាន់ក្រោយ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សួស យ៉ារ៉ា បានអបអរសាទរឯកឧត្តម Phoxay KHAYKHAMPHITHOUNE ក្នុងឱកាសដែលត្រូវបានតែងតាំងជាប្រធានគណៈកម្មការកិច្ចការបរទេស នៃរដ្ឋសភាឡាវ។
ឯកឧត្តមបានបង្ហាញនូវឆន្ទៈបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយសមភាគីឡាវ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាប្រទេសទាំងពីរ ឱ្យកាន់តែសកម្ម ស៊ីជម្រៅ និងមានប្រសិទ្ធភាពថែមទៀត៕
ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ រដ្ឋសភា





