ឯកឧត្តម សុត រស្មី ដឹកនាំក្រុមការងារអន្តរក្រសួង ចុះពិនិត្យ និងវាយតម្លៃលទ្ធផលការងារថែទាំជាប្រចាំ (ដំណាក់កាលទី១) ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦-- ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអន្តរក្រសួង រួមមានតំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យ និងវាយតម្លៃលទ្ធផលការថែទាំជាប្រចាំឆ្នាំ២០២៦ (ដំណាក់កាលទី១) នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង និងខេត្តក្រចេះនាថ្ងៃព្រហស្បតិ៍ទី២៧ ខែសីហា ឆ្នាំ២០២៦ ។
ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារអន្តរក្រសួង បានចុះពិនិត្យផ្ទាល់ និងវាយតម្លៃលើលទ្ធផលការងារថែទាំប្រព័ន្ធធារាសាស្ត្រ សរុបចំនួន ១៧ប្រព័ន្ធ រួមមាន៖ ខេត្តក្រចេះ មានប្រព័ន្ធធារាសាស្ត្រ ចំនួន ៩ប្រព័ន្ធ ហើយខេត្តស្ទឹងត្រែង មានប្រព័ន្ធធារាសាស្ត្រ ចំនួន ៨ប្រព័ន្ធ។


ឯកឧត្តមនិងក្រុមការងារ បានវាយតម្លៃខ្ពស់ចំពោះមន្ទីរធនធានទឹក និងឧតុនិយមខេត្តទាំងពីរ ដែលបានអនុវត្តការងារប្រតិបត្តិការ និងថែទាំ (O&M) ដំណាក់កាលទី១ ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ព្រមទាំងបានផ្តាំផ្ញើឱ្យបន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍កសិករប្រើប្រាស់ទឹក ដើម្បីរួមគ្នាថែរក្សាការពារប្រព័ន្ធធារាសាស្ត្រទាំងនេះឱ្យបានគង់វង្ស និងមានចីរភាព សម្រាប់បម្រើផលប្រយោជន៍កសិកម្ម និងជីវភាពប្រជាពលរដ្ឋ៕


ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម)





