អភិបាលខេត្តបន្ទាយមានជ័យ ៖ បណ្ណកម្មសិទ្ធិដីធ្លីគឺជាទ្រព្យសកម្មដ៏មានតម្លៃមហាសាល និងជាបង្អែកសេដ្ឋកិច្ចដ៏រឹងមាំសម្រាប់គ្រួសារពលរដ្ឋ
AKP បន្ទាយមានជ័យ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦--ការទទួលបានសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ពេញលេញ គឺជាបំណងប្រាថ្នាយ៉ាងមុតមាំរបស់ប្រជាពលរដ្ឋ។ ជាក់ស្តែងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋចំនួន ២ភូមិ សរុប ២.២៤៧គ្រួសារ ស្ថិតនៅភូមិខ្វាវ និងភូមិត្បែង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានសម្តែងនូវក្តីរំភើបរីករាយឥតឧបមា ក្នុងពិធីប្រគល់បណ្ណកម្មសិទ្ធិម្ចាស់អចលនវត្ថុលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្រោមអធិបតីភាពផ្លូវការរបស់ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

ក្នុងពិធីប្រកបដោយបរិយាកាសស្និទ្ធស្នាលនេះ ឯកឧត្តម អ៊ុ រាត្រី បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខយ៉ាងកក់ក្តៅពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរ និងបង្ខិតសេវាសាធារណៈឱ្យកាន់តែខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់យ៉ាងស៊ីជម្រៅពីតម្លៃនៃបណ្ណកម្មសិទ្ធិនេះថា«បណ្ណកម្មសិទ្ធិដីធ្លីដែលរាជរដ្ឋាភិបាលផ្តល់ជូននាពេលនេះ មិនត្រឹមតែបញ្ចប់នូវក្តីបារម្ភ ឬវិវាទដីធ្លីផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការផ្តល់សិទ្ធិស្របច្បាប់ពេញលេញ និងជាបង្អែកសេដ្ឋកិច្ចដ៏រឹងមាំសម្រាប់បងប្អូនប្រជាពលរដ្ឋ។ នេះគឺជា "ទ្រព្យសកម្មដ៏មានតម្លៃមហាសាល" មានសុវត្ថិភាពគតិយុត្តពេញលេញ ការពារដោយច្បាប់ ដែលបងប្អូនអាចយកទៅប្រើប្រាស់ទាញយកផលប្រយោជន៍ ដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ និងបង្កើនលំនឹងជីវភាពឱ្យកាន់តែធូរធារឡើង»។

ទន្ទឹមនឹងនេះ ឯកឧត្តមបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ត្រីបច្ចេកទេស ព្រមទាំងអាជ្ញាធរដែនដីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្មមិនខ្លាចនឿយហត់រហូតឈានដល់ការចេញបណ្ណជាស្ថាពរជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ ឱ្យជួយថែរក្សាបណ្ណកម្មសិទ្ធិនេះឱ្យបានល្អប្រសើរ ចៀសវាងការបាត់បង់ ឬខូចខាត និងត្រូវប្រើប្រាស់ទ្រព្យសម្បត្តិនេះឱ្យចំគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។

ទទួលបានបណ្ណកម្មសិទ្ធិភ្លាមៗ បងប្អូនប្រជាពលរដ្ឋទាំងពីរភូមិបានបង្ហាស្នាមញញឹម និងក្តីរំភើបយ៉ាងក្រៃលែង។ តំណាងប្រជាពលរដ្ឋដែលទទួលបានបណ្ណដីធ្លីនាព្រឹកនេះ បានលើកឡើងដោយក្តីកក់ក្តៅថា ពួកគាត់សម្តែងនូវក្តីសប្បាយរីករាយឥតឧបមា ដោយសារកន្លងមកធ្លាប់តែមានក្តីបារម្ភពីបញ្ហាព្រំប្រទល់ ឬវិវាទផ្សេងៗ ប៉ុន្តែនៅពេលនេះមានបណ្ណកម្មសិទ្ធិស្របច្បាប់នៅក្នុងដៃ ធ្វើឱ្យពួកគាត់មានទំនុកចិត្ត ១០០% លើការកាន់កាប់ដីធ្លី។

ពលរដ្ឋបានបន្ថែមថា បណ្ណកម្មសិទ្ធិនេះប្រៀបដូចជា មាសប្រាក់នៅក្នុងផ្ទះ ដែលអាចយកទៅប្រើប្រាស់ជាដើមទុន ក្នុងការប្រកបមុខរបរ កសិកម្ម ឬពង្រីកអាជីវកម្មគ្រួសារដោយទំនុកចិត្ត និងសុវត្ថិភាព។ ប្រជាពលរដ្ឋទាំងអស់បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងអាជ្ញាធរខេត្តបន្ទាយមានជ័យ និងក្រុមការងារសុរិយោដីទាំងអស់ ដែលបានយកចិត្តទុកដាក់ចុះវាស់វែង និងប្រគល់បណ្ណកម្មសិទ្ធិជូនពួកគាត់ដល់មូលដ្ឋាន ដោយមិនមានការរើសអើង និងលឿនរហ័សទាន់ចិត្ត៕

ដោយ ឈុន សារ៉ាត





