ព្រះករុណា ព្រះមហាក្សត្រ៖ សន្នីសីទប្រធានសភានៃអន្តរសភាលើកទី២ នឹងចូលចំណែកដ៏មានអត្ថន័យក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរសភា ក្នុងគ្រាដែលពិភពលោកកំពុងប្រឈមមុខនឹងភាពមិនច្បាស់លាស់
AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦--ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា សម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះសន្នីសីទប្រធានសភានៃអន្តរជាតិលើកទី២(ISC-2 ) គឺជាការរួមចំណែកដ៏មានអត្ថន័យក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការអន្តរសភា ក្នុងគ្រាដែលពិភពលោកកំពុងប្រឈមមុខនឹងភាពមិនច្បាស់លាស់ និងបញ្ហាប្រឈមកាន់តែស្មុគស្មាញ។ នេះបើយោងតាមព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា ក្នុងឱកាសបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ក្រោមប្រធានបទ “សាមគ្គីភាពដើម្បីសន្តិភាពនិងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី” ដែលអានដោយឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធរដ្ឋសភា ក្នុងពិធីបើកសន្នីសីទប្រធានសភានៃ អន្តរសភាលើកទី២ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។

ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលបន្តថា៖ « ខ្ញុំព្រះករុណាខ្ញុំ មានជំនឿជឿជាក់ថា ការធ្វើជាម្ចាស់ផ្ទះ សន្និសីទប្រធានសភា អន្តរសភាលើកទី២ គឺជាមោទនភាព ដ៏ធំធេង សម្រាប់ប្រជាជាតិកម្ពុជា ហើយក៏ជាការរួមចំណែកដ៏មាន អត្ថន័យក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការអន្តរសភា ក្នុងគ្រាដែលពិភពលោកកំពុងប្រឈមមុខនឹង ភាពមិនច្បាស់លាស់ និងបញ្ហាប្រឈម កាន់តែស្មុគស្មាញ។ ព្រឹត្តិការណ៍នេះ បានបង្ហាញយ៉ាងច្បាស់ពី ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពរួម តាមរយៈកិច្ចសន្ទនា និងការទូតសភា ជោគជ័យក្នុង សម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាព កាលពីឆ្នាំ២០២៤»។ ព្រះមហាក្សត្រសង្ឃឹមយ៉ាងមុតមាំថា សន្និសីទប្រធានសភានៃអន្តរសភាលើកទី២នេះ នឹងក្លាយជា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ក្នុងការពង្រឹងសាមគ្គីភាពសភា និងអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមរបស់យើង ដើម្បីសន្តិភាព, ការយោគយល់គ្នា ទៅវិញទៅមក, ការផ្សះផ្សា, និងការជឿជាក់ រវាងប្រជាជាតិនិងប្រជាជាតិ។
ក្នុងព្រះរាជសារ ព្រះមហាក្សត្រ ព្រះអង្គក៏សូមឱ្យសន្និសីទនេះ ក្លាយជាប្រភពនៃជំនឿជាថ្មីលើការសន្ទនា ពង្រឹង ឆន្ទៈរួមរបស់យើង ក្នុងការលើកតម្កើង និងគោរពច្បាប់អន្តរជាតិ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធ ដើម្បីកសាង ពិភពលោកមួយដែលមានសន្តិភាព យុត្តិធម៌ និងវិបុលភាពប្រកបដោយចីរភាព។ ព្រះករុណា ព្រះមហាក្សត្របានបន្ថែមថា៖ «សូមឱ្យយើងរួមគ្នាប្រែក្លាយសាមគ្គីភាព ជាសកម្មភាពជាក់ស្តែង និងផ្លាស់ប្តូរបំណងប្រាថ្នារួម របស់យើង ឱ្យទៅជាការរីកចម្រើនស្ថិតស្ថេរគង់វង្ស ដើម្បីជាប្រយោជន៍ដល់មនុស្សជំនាន់នេះ និងជំនាន់ក្រោយៗទៀត»។
ជាមួយគ្នានេះ ក្នុងព្រះរាជសារ ព្រះករុណា ព្រះមហាក្សត្របានមានព្រះបន្ទូលទៀតថា សន្តិភាព និងវិបុលភាព មិនអាចចែកដាច់ពីគ្នាបានទេ។ សន្តិភាព មិនអាចគង់វង្សទេ បើការអភិវឌ្ឍត្រូវបានគេបដិសេធ។ ការអភិវឌ្ឍមិនអាចរីកចម្រើនបាននៅក្នុងស្ថានភាពជម្លោះ។ ព្រះអង្គបានបន្ដថា ទាំងសន្តិភាព និងការអភិវឌ្ឍ មិនអាចរក្សាបានទេ បើគ្មានការជឿជាក់ យុត្តិធម៌ និងនីតិរដ្ឋ។
ព្រះករុណា ព្រះមហាក្សត្រក៏បញ្ជាក់បន្ថែមទៀតថា៖ «ក្នុងហេតុផលនេះ សាមគ្គីភាពបណ្តាប្រជាជាតិ មិនអាចផ្អែកលើសុឆន្ទៈតែមួយមុខបានឡើយ។ សាមគ្គីភាពនេះ ត្រូវតែឈរលើមូលដ្ឋាននៃការទទួលខុសត្រូវរួម, ការគោរពគ្នាទៅវិញទៅមក, សន្តិ សហវិជ្ជមាន, និងប្រកាន់ ខ្ជាប់ច្បាប់អន្តរជាតិ។ សាមគ្គីភាពបែបនេះ នឹងក្លាយជាមានន័យនៅពេល ដែលមានការស្តែងចេញតាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្តែង, បំណងល្អ, និងការប្តេជ្ញាប្រកបដោយ ស្មោះត្រង់ ក្នុងការដោះស្រាយនូវភាពខុសគ្នា ដោយសន្តិវិធី»។
ក្នុងឱកាសនោះ ព្រះករុណា ព្រះមហាក្សត្រមានព្រះរាជបន្ទូលបន្ថែមទៀតថា សភាមានតួនាទីយ៉ាងសំខាន់ក្នុងការប្រែក្លាយចក្ខុវិស័យនេះឱ្យក្លាយជាការពិត។ តាមរយៈការ តាក់តែងច្បាប់ ការត្រួតពិនិត្យ ការបំពេញតួនាទីជាតំណាងរបស់ប្រជាពលរដ្ឋ និងការទូតសភាសភា បានរួមចំណែកពង្រឹងនីតិរដ្ឋ លើកកម្ពស់គណនេយ្យភាព បង្ការជម្លោះ និងកសាងទំនុកចិត្តរវាងប្រជាជន និងប្រជាជាតិ។ ព្រះអង្គបានឱ្យដឹងផងដែរថា ក្នុងពិភពលោកដែលមានការបែងចែក និងស្មុគស្មាញកាន់តែខ្លាំង កិច្ចសន្ទនាសភា នៅតែជាឧបករណ៍ដែលមិនអាចខ្វះបាន ក្នុងការជំរុញការយោគយល់គ្នាទៅវិញទៅមក ការលើកទឹក ចិត្តដល់ការសម្រុះសម្រួល, និងការលើកកម្ពស់ដំណោះស្រាយដោយ សន្តិវិធី ដោយផ្អែកលើច្បាប់ អន្តរជាតិ។
តាមរយៈព្រះរាជសារ ព្រះមហាក្សត្រក៏បានមានព្រះរាជបន្ទូលសង្កត់ធ្ងន់ថា៖ «ការពង្រឹងច្បាប់អន្តរជាតិ គឺស្ថិតនៅចំកណ្តាលនៃកិច្ចខិតខំប្រឹងប្រែងនេះ។ ច្បាប់អន្តរជាតិ ផ្តល់នូវក្របខ័ណ្ឌរួម ដែលតាមរយៈនេះ រដ្ឋនានា ទាំងធំទាំងតូច អាចរួមរស់ជាមួយគ្នាប្រកបដោយភាពថ្លៃថ្នូរ, សមភាព និងសុវត្ថិភាព។ ការការពារអធិបតេយ្យ ការលើកកម្ពស់ភាពត្រឹមត្រូវ និងការអត់ធ្មត់ក្នុងការ ប្រើអំណាចដោយមិនត្រឹមត្រូវ នឹងផ្តល់នូវសន្តិវិធីសម្រាប់ការដោះស្រាយជម្លោះ»។ បន្ថែមពីនេះទៀត ព្រះករុណា ព្រះមហាក្សត្រក៏បានអះអាងផងដែរថា ការដោះស្រាយ ជម្លោះដោយសន្តិវិធី មិនមែនជាសញ្ញានៃភាពទន់ខ្សោយទេ ប៉ុន្តែជាការបង្ហាញនូវប្រាជ្ញា ការទទួលខុសត្រូវ, និងការគោរពសណ្តាប់ធ្នាប់អន្តរជាតិ។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គមានជំនឿជឿជាក់ថា “សេចក្តីប្រកាសទី ក្រុងភ្នំពេញ” នឹងត្រូវអនុម័តដោយជោគជ័យ ព្រោះវាជាការរួមចំណែកប្រកបដោយអត្ថន័យ ចំពោះសហគមន៍អន្តរសភា និងសហគមន៍អន្តរជាតិដ៏ទូលំទូលាយ។ សូមឱ្យសេចក្តីប្រកាសទីក្រុងភ្នំពេញនេះ ឈរជានិមិត្តរូបនៃការប្តេជ្ញាចិត្តរួម ចំពោះយុត្តិធម៌, សិទ្ធិមនុស្ស, ការអភិវឌ្ឍប្រកបដោយចីរភាព, ការកសាងសន្តិភាព, ការផ្សះផ្សា, ការដោះស្រាយ ជម្លោះដោយសន្តិវិធី និងកិច្ចសហប្រតិបត្តិការឈរ លើមូលដ្ឋាននៃច្បាប់អន្តរជាតិ។
ព្រះអង្គក៏សូមឱ្យសន្និសីទប្រធានសភានៃអន្តរសភាលើកទី២នេះ ទទួលបានជោគជ័យត្រចះត្រចង់ និង លទ្ធផលប្រកបដោយអត្ថន័យដើម្បីសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមសម្រាប់ ប្រជាជាតិទាំងអស់៕
ដយ៖ ប៊ុនរិទ្ធ





