ប្រធានសភានៃអន្តរសភាលើកទី២ បញ្ជាក់ជាថ្មីនូវបំណងប្រាថ្នារួមដោយផ្អែកលើច្បាប់អន្តរជាតិ សមភាពអធិបតេយ្យ សន្តិភាពនិងសន្តិសុខកិច្ចសហប្រតិបត្តិការពហុភាគីនិយមនិងការអភិវឌ្ឍប្រកបដោយចីរភាព
AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ -- ប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) បានប្រកាសនូវចក្ខុវិស័យរួមរបស់ខ្លួន សម្រាប់សណ្តាប់ធ្នាប់ពិភពលោកមួយប្រកបដោយសន្តិភាព និងយុត្តិធម៌ ដែលផ្អែកលើច្បាប់អន្តរជាតិ សមភាពអធិបតេយ្យ សន្តិភាព និងសន្តិសុខ កិច្ចសហប្រតិបត្តិការពហុភាគីនិយម និងការអភិវឌ្ឍប្រកបដោយចីរភាព។ នេះបើយោងតាមសេក្ដីប្រកាសទីក្រុងភ្នំពេញ ដែលត្រូវបានអនុម័តដោយសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ក្នុងសេចក្ដីប្រកាសបានលើកឡើងថា ប្រធានសភានៃអន្តរសភាលើកទី២ បានប្ដេជ្ញាចិត្តថានឹងគោរពប្រតិបត្តិតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ និងលើកកម្ពស់ការគោរព កាតព្វកិច្ចនៃច្បាប់អន្តរជាតិ។ គាំទ្រការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា ការពិគ្រោះយោបល់ ការចរចាការសម្រុះសម្រួល និងមធ្យោបាយសន្តិវិធីផ្សេងទៀត ស្របតាមច្បាប់អន្តរជាតិរួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ទន្ទឹមនេះ ពង្រឹងពហុភាគីនិយម ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍ និង វិបុលភាពជាអន្តរជាតិ។ ពង្រឹងការទូតសភា ជាឧបករណ៍ដ៏សំខាន់សម្រាប់ការកសាងទំនុកចិត្ត ការបង្ការជម្លោះ កិច្ចសន្ទនា ការផ្សះផ្សា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ រួមទាំងតាមរយៈការគាំទ្រការលើកម្ពស់ការទូតបង្ការជម្លោះ និងវិធានការសន្តិវិធីផ្សេងទៀត ដែលជួយដោះស្រាយភាពតានតឹងមុនពេលបញ្ហាក្លាយទៅ ជាជម្លោះ។

សេចក្ដីប្រកាសក៏បានបញ្ជាក់ពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធរវាងសភានានា ក្នុងការដោះស្រាយបញ្ហា ប្រឈមរួមនៅថ្នាក់តំបន់ និងសកល។ ទន្ទឹមនេះ ពង្រឹងកិច្ចសហប្រតិបត្តិការសភា ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងសន្តិសុខមនុស្ស។

សេចក្ដីប្រកាសបានបញ្ជាក់ឱ្យដឹងទៀតថា ISC-2 សម្រេចចិត្តបន្តពង្រឹងសន្និសីទប្រធានសភានៃអន្តរសភា តាមរយៈការពង្រឹងកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ ភាពជាដៃគូ និងការផ្លាស់ប្តូររវាងសភាដែលចូលរួម។ ការលើកកម្ពស់ការផ្លាស់ប្តូរបទពិសោធន៍ផ្នែកនីតិកម្ម ចំណេះដឹង និងឧត្តមានុវត្តន៍។ ការគាំទ្រការកសាងសមត្ថភាព និងការចូលរួមរបស់សភាប្រកបដោយបរិយាបន្ន ជាពិសេសសម្រាប់ ប្រទេសកំពុងអភិវឌ្ឍ៕
ដោយ៖ ទេស ច័ន្ទសុធារី




