ឯកឧត្តម គន់ គីម ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាវឌ្ឍនភាពការងារសមាគម និងកិច្ចប្រជុំ VECONAC
AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២៦ -- ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាវឌ្ឍនភាពការងារនានារបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងកិច្ចប្រជុំ VECONAC នៅសាលប្រជុំនៃទីស្នាក់ការកណ្តាលសមាគម ស្ថិតនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានមានប្រសាសន៍ថា ដោយសារពិនិត្យឃើញពីការលំបាកក្នុងការដឹកនាំ គ្រប់គ្រងការងាររបស់សមាគម ដូចនេះគណៈអចិន្ត្រៃយ៍សមាគម នឹងរៀបចំផ្លាស់ប្តូរនូវសមាសភាពនៃថ្នាក់ដឹកនាំសមាគមមួយចំនួន ដើម្បីសម្រួលក្នុងការងារដឹកនាំ និងគ្រប់គ្រងការងាររបស់សមាគមឱ្យកាន់តែមានប្រសិទ្ធភាព និងកាន់តែល្អប្រសើរ។ នៅថ្ងៃខាងមុខទៀត នឹងរៀបចំផ្លាស់ប្តូរកែសម្រួលសមាជិក សមាជិការ នៃគណៈកម្មាធិការជំនាញទាំង៧ របស់សមាគម និងជ្រើសរើសបំពេញបន្ថែមដើម្បីសម្រួល ពន្លឿន និងបំពេញបន្ថែមចំណុចខ្វះខាតនៃការងារនានារបស់គណៈកម្មាធិការជំនាញទាំងអស់ឱ្យកាន់តែប្រសើរ និងទាន់ពេលវេលា។

ឯកឧត្តម ក៏បានមានប្រសាសន៍ណែនាំ និងជំរុញឱ្យក្រុមការងារជំនាញគ្រប់ផ្នែក និងផ្នែកទាក់ទងទាំងអស់របស់លេខាធិការដ្ឋាន VECONAC ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងពន្លឿនការងារនានាឱ្យរួចរាល់មុនព្រឹត្តិការណ៍ ដោយប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានសម្តែងនូវជំនឿចិត្ត និងកោតសរសើរ វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សមាជិក គណៈកម្មាធិការជំនាញ និងលេខាធិការដ្ឋាន VECONAC ទាំងអស់ដែលសម្រេចបាន និងបន្តសម្រេចនូវការងារគ្រប់គ្រង និងអនុវត្តការងារថ្មីៗបន្ថែមទៀតរបស់សមាគមឱ្យមានប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរ។

ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ សមាជិក នៃសមាគមអតីតយុទ្ធជន និងនិវត្តជនថ្នាក់កណ្តាល គណៈកម្មាធិការជំនាញទាំង៧ លេខាធិការដ្ឋាន VECONAC និងផ្នែកពាក់ព័ន្ធទាំងអស់ជាច្រើនរូប៕
ដោយ៖ ណយ នឿន (ប្រភព៖ សមាគមអតីតយុទ្ធជន និងនិវត្តជន)





