រដ្ឋលេខាធិការក្រសួងបរិស្ថានជួបប្រជុំក្រុមការងារអនុវត្តគម្រោង REDD+ លំផាត់
AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦-- ឯកឧត្តម ជួប ប៉ារីស រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាមន្ត្រីបង្គោលជាតិ REDD+ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានជួបប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធzoom ជាមួយក្រុមការងារអនុវត្ត គម្រោង REDD+ លំផាត់ ដែលរួមមានតំណាងមកពី BirdLife International, NatureLife Cambodia និងវិនិយោគិនគម្រោង ដើម្បីពិនិត្យមើលវឌ្ឍនភាព សមិទ្ធផលសំខាន់ៗ និងបញ្ហាប្រឈមនានារបស់គម្រោង។

ឯកឧត្តមរដ្ឋលេខាធិការ និងជាមន្ត្រីបង្គោលជាតិ REDD+ បានអរគុណដល់ដៃគូអនុវត្តគម្រោង REDD+ លំផាត់ សម្រាប់កិច្ចខិតខំប្រឹងប្រែងជំរុញគម្រោងឱ្យដំណើរការទៅមុខ។ឯកឧត្តម បានលើកទឹកចិត្តឱ្យក្រុមការងារគម្រោងបន្តសហការយ៉ាងជិតស្និទ្ធជាមួយ លេខាធិការដ្ឋាន REDD+ នៃក្រសួងបរិស្ថាន ដើម្បីដោះស្រាយបញ្ហាប្រឈម និងធានាឱ្យគម្រោងអាចបន្តដំណើរការបានប្រកបដោយប្រសិទ្ធភាព។

តំណាង NatureLife Cambodia បានប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូ និងស្ថាប័នរដ្ឋពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញគម្រោង REDD+ លំផាត់ និងរួមចំណែកដល់ការអភិរក្សព្រៃឈើ និងជីវៈចម្រុះប្រកបដោយចីរភាព៕

ដោយ ណយ នឿន (ប្រភព៖ NatureLife)





