សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ គឺជាចំណុចស្នូលនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត
AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ --
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍លើកឡើងថា ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ គឺជាចំណុចស្នូលនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Thamer Mohammed A Algosaibi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។
ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរចំពោះឯកឧត្តម Thamer Mohammed A Algosaibi ដែលត្រូវបានជាឯកអគ្គរាជទូតរបស់អារ៉ាប់ប៊ីសាអូឌីតថ្មីប្រចាំនៅកម្ពុជា។ សម្ដេចតេជោ បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ក្នុងអាណត្តិរបស់ឯកឧត្តម នឹងញាំងទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីតឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។


ជាមួយគ្នានេះ ឯកឧត្ដម Thamer Mohammed A Algosaibi បានសម្ដែងនូវការអរគុណជាអនេកប្បការចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តម បានបង្ហាញអំពីភាពរឹងមាំនៃទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត ដែលតាមរយៈនៃការផ្លាស់ប្ដូរជាបន្តបន្ទាប់ដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ប្រទេសទាំងពីរ។ បន្ថែមពីលើនោះ ក៏មានការផ្លាស់ប្ដូររវាងធុរជនរបស់អារ៉ាប៊ីសាអូឌីតមកធ្វើទស្សនកិច្ចនៅកម្ពុជាផងដែរ ដែល បានពង្រឹងបន្ថែមទៀតលើវិស័យវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបានលើកឡើងទៀតថា ទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត នៅមានសក្ដានុពលជាច្រើនទៀតដែលប្រទេសទាំងពីរអាចធ្វើជាមួយគ្នាបានជាពិសេស ការពង្រឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែមានការកើនឡើង។ ឯកឧត្តមសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងរីកចម្រើនថែមមួយកម្រិតទៀត តាមរយៈទំនាក់ទំនងរវាងរដ្ឋាភិបាល ទំនាក់ទំនងនយោបាយ និងទំនាក់ទំនងប្រជាជន និងប្រជាជន។

សម្ដេចតេជោ បានសម្ដែងនូវការពេញចិត្ត ចំពោះការលើកឡើងរបស់ឯកឧត្តមឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតថ្មីប្រចាំនៅកម្ពុជា ជុំវិញទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងនោះសម្ដេចតេជោ ចាប់អារម្មណ៍ទៅលើទំនាក់ទំណងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ហើយសម្ដេចបានចាត់ទុកថា គឺជាចំណុចស្នូលនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត។ បន្ថែមលើនេះ សម្ដេចតេជោ បានផ្ដល់នូវទស្សនចំនួនបីសំខាន់ ដើម្បីឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជា និងអារ៉ាប៊ីសាអូឌីត កាន់តែរីកចម្រើន ក្នុងនោះទី១ សម្ដេចតេជោ បានជំរុញបន្ថែមទៀត ចំពោះការផ្លាស់ប្ដូរនូវទស្សនកិច្ច ឬទំនាក់ទំនងរវាងមេដឹកនាំកំពូលរវាងប្រទេសទាំងពីរកាន់តែញឹកញាំបន្ថែមទៀត។ ទី២ គឺការផ្លាស់ប្ដូរអ្នកវិនិយោគ ការទស្សនកិច្ចរវាងធុរជនអារ៉ាប៊ីសាអូឌីត និងធុរជនកម្ពុជាទៅវិញទៅមក ឱ្យធ្វើការជាមួយគ្នាដើម្បីបង្កើននូវការវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែកើនឡើង ដោយសម្ដេចចង់ឃើញអ្នកវិនិយោគរបស់អារ៉ាប៊ីសាអូឌីតមកវិនិយោគនៅកម្ពុជាកាន់តែច្រើន ជាពិសេសវិនិយោគលើការកែច្នៃដើម្បីនាំចេញផលិតផលរបស់កម្ពុជា ដូចជាកសិកម្មយកទៅលក់នៅអារ៉ាប៊ីសាអូឌីត។ ទី៣ សម្ដេចតេជោ បានជំរុញបន្ថែមទៀតដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជនប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត ជាពិសេសផ្ដោតលើវិស័យទេសចរណ៍តែម្ដង ដើម្បីជំរុញបន្ថែមទៀត លើទំនាក់ទំនងក្នុងក្របខណ្ឌនយោបាយរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ៕
ដោយ៖ ជឹម ណារី





