អាជ្ញាធររាជធានីភ្នំពេញ ផ្សព្វផ្សាយ គម្រោងការកាត់បន្ថយជំងឺ ឬគ្រោះថ្នាក់ដល់អាយុជីវិតដែលបង្កឡើងដោយកម្ដៅយូហើយខ្លាំងជាងមុន
AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦–លោក ពេញ ធារម្យ បានបញ្ជាក់ថា៖ ការកើនឡើងនៃសីតុណ្ហភាព ការកើតមានរលកកម្ដៅ និងរយៈពេលក្តៅកាន់តែយូរជាងមុន បាននិងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជា ពិសេសជនងាយរងគ្រោះ រស់នៅក្នុងតំបន់ និងប្រកបរបរចិញ្ចឹមជីវិត ដែលប្រឈម នឹងកម្ដៅ ខ្លាំង ហើយយូជាងមុន។
លោក ពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ខណៈលោក ចូលរួម សិក្ខាសាលាផ្សព្វផ្សាយស្តីពីចាប់ផ្តើមអនុវត្តគម្រោង “ការកាត់បន្ថយជំងឺ ឬគ្រោះថ្នាក់ដល់អាយុជីវិតដែលបង្កឡើងដោយកម្ដៅនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។
លោក ពេញ ធារម្យ បានបន្តថា៖ បញ្ហាកម្ដៅកើនឡើងខ្លាំង មិនត្រឹមតែជាបញ្ហាបរិស្ថានមួយប៉ុណ្ណោះទេ តែជាបញ្ហាដែលមានទំនាក់ទំនងដោយផ្ទាល់ជាមួយសុខភាពសាធារ ណៈ សុវត្ថិភាព ការងារ និងគុណភាពជីវិតប្រជាពលរដ្ឋក្នុងតំបន់ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ក្នុងការការ ពារ និងឆ្លើយតបបានទាន់ពេលវេលា។ ដោយមើលឃើញពីសារៈសំខាន់ទាំងអស់នេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោម ការជួយឧបត្ថម្ភពីអង្គការភាពជាដៃគូសម្រាប់សុខុមាលភាពទីក្រុង បានរៀបចំផែនការអនុវត្តគម្រោងនេះឡើង ដើម្បីចូលរួមពង្រឹងសមត្ថភាព និងការត្រៀមខ្លួន ក្នុងការបង្កើតយន្តការការពារ កាត់បន្ថយ និងឆ្លើយតប ចំពោះផលប៉ះពាល់សុខភាព ដែលបណ្តាលមកពីការកើនឡើងនៃរលកកម្ដៅ។


ដើម្បីធានាដល់ដំណើរការរបស់គម្រោងឱ្យកាន់តែមានប្រសិទ្ធ ភាព និងលទ្ធផលតាមការគ្រោងទុករដ្ឋបាលរាជធានី ភ្នំពេញ សហការជាមួយនឹងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងរៀបចំជាផែនការសកម្មភាព និងការកសាងប្រព័ន្ធទិន្នន័យ ដើម្បីឈានដល់ការវិភាគ និងវិនិច្ឆ័យហានិភ័យកម្ដៅ និងដាក់ចេញជាវិធានការសម្រាប់អនុវត្តប្រកបដោយចីរភាព និងនិរន្តរភាព ព្រមទាំងចូលរួមកាត់បន្ថយផលប៉ះពាល់ដែលអាចកើតមាន។
លោក Farhad Ali អនុប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការភាពជាដៃគូសម្រាប់សុខុមាលភាពទីក្រុង (Partnership for Healthy Cities) បានមានប្រសាសន៍ថា៖ អង្គការនេះមានទីក្រុងចំនួន ៧៤ទីក្រុងជុំវិញពិភពលោកជាសមាជិក ដោយទីក្រុងទាំងអស់នោះតែងទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ក្នុងនោះក៏មានរាជធានីភ្នំពេញផងដែរ។ ក្នុងនាមជាសមាជិក រាជធានីភ្នំពេញតែងតែបានចូលរួមអនុវត្តការងារយ៉ាងល្អប្រសើរ ជាក់ស្តែង ដូចជា៖ គម្រោងបញ្ចប់លុបបំបាត់ភេសជ្ជៈផ្អែមនៅតាមសាលារៀន ជាមួយ និងការរៀបចំមានទឹកស្អាតនៅតាមសាលា គម្រោងគ្មានផ្សែងបារីនៅផ្លូវថ្មើជើងចតុមុខ និងគម្រោងសុវត្ថិភាពចរាចរណ៍នៅតំបន់សាលារៀនជាដើម។ លោកបានបន្តថា ពេលនេះយើងមានបញ្ហាមួយទៀត នោះគឺបញ្ហារលកកម្ដៅ ដែលធ្វើឱ្យមនុស្សប្រឈមនឹងជំងឺ ឬអាចគ្រោះថ្នាក់ដល់អាយុជីវិត ហើយយើងចាំបាច់ត្រូវធ្វើការរួមគ្នាដើម្បីកាត់បន្ថយបញ្ហាទាំងនេះ។


លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នក នាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានលើកឡើងថា៖ រដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយអង្គការភាពជា ដៃគូសម្រាប់សុខុមាលភាពទីក្រុង តាំងពីឆ្នាំ២០១៧ ហើយទទួល បានលទ្ធផលយ៉ាងល្អប្រសើរ ដូចជាបញ្ចប់លក់ភេសជ្ជៈផ្អែម និងធ្វើឱ្យមានទឹកស្អាត នៅតាមសាលារៀន គ្មានផ្សែងបារី នៅផ្លូវថ្មើជើងចតុមុខ និងគម្រោងសុវត្ថិភាពនៅតាមសាលា រៀន ជាដើមហើយនៅពេលនេះ នូវបានរៀបចំផែនការ ដោយដាក់ឧបករណ៍វាស់ធាតុអាកាសនៅតាមខណ្ឌចំនួន១១ ទីតាំង ដើម្បីតាមដានក្នុងកាត់បន្ថយឱ្យបាននូវការគ្រោះថ្នាក់និងស្លាប់ដោយបញ្ហារលកកំដៅ ដែលលោកស្រីបានស្នើឱ្យអាជ្ញាធរខណ្ឌ សង្កាត់ មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកនានាជួយផ្តល់ការសហការឱ្យបានល្អ ជាមួយអ្នក ជំនាញនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងការតំឡើងឧបករណ៍វាស់ធាតុសីតុណ្ហភាពនៅតាមទីតាំងទាំង១១ និងការផ្តល់បទសម្ភាសន៍ ដើម្បីក្រុមការអាចទទួលបានទិន្នន័យជាក់លាក់ ក្នុងការរៀបចំផែនការឆ្លើយតប ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថយជំងឺ ឬគ្រោះថ្នាក់ដល់អាយុជីវិត ដែល បង្កឡើងដោយកម្ដៅនៅរាជធានីភ្នំពេញនេះតាមផែនការដែលបានគ្រោងទុក។

លោកFarhad Ali អនុប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច ក៏បានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ នូវឧបករណ៍ និងបរិក្ខាចាំបាច់ចំនួន១១ឈុតសម្រាប់តំឡើងក្នុងគោលបំណងប្រមូលទិន្នន័យនៃសីតុណ្ហភាពនៅ ក្នុងតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញផងដែរ៕.
ដោយ៖ សួស សំរិត





