ឥណ្ឌូណេស៊ី និងចិន បង្កើនកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ -- ទីភ្នាក់ងារសារព័ត៌មានឥណ្ឌូណេស៊ី Antara បានរាយការណ៍ថា ប្រទេសឥណ្ឌូណេស៊ីសង្ឃឹមថានឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររបស់ខ្លួនជាមួយប្រទេសចិនកាន់តែស៊ីជម្រៅលើគ្រប់វិស័យ ដូចជាវិស័យនយោបាយ សេដ្ឋកិច្ច វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ នេះបើយោងតាមការលើកឡើងរបស់លោកប្រធានាធិបតីប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ខណៈដែលលោកធ្វើជាម្ចាស់ផ្ទះទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងរដ្ឋមន្ត្រីការពារជាតិចិន លោក តុង ជុននៅទីក្រុងហ្សាកាតាកាលពីពេលថ្មីៗនេះ។
លោកប្រធានាធិបតី ប្រាបូវ៉ូ បានស្វាគមន៍ចំពោះការកើនឡើងនៃចំនួនក្រុមហ៊ុនចិនដែលវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងប្រទេសឥណ្ឌូណេស៊ីហើយបានសន្យាថានឹងបន្តបង្កើតបរិយាកាសធុរកិច្ចអំណោយផលសម្រាប់ពួកគេ។
លោកបានកោតសរសើរចំពោះតួនាទី និងលទ្ធផលនៃកិច្ចសន្ទនាយុទ្ធសាស្ត្រទូលំទូលាយលើកដំបូង និងកិច្ចប្រជុំ ២+២ លើកទីពីរ។
ដោយធ្វើអត្ថាធិប្បាយចំពោះទំនាក់ទំនងទ្វេភាគី លោកប្រធានាធិបតីបាននិយាយថា ទំនាក់ទំនងរវាងប្រទេសឥណ្ឌូណេស៊ី និងចិន ត្រូវបានបង្កើតឡើងដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក។ លោកបានចែករំលែកថា លោកមានគម្រោងចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំសេដ្ឋកិច្ចAPEC នៅទីក្រុងសិនជិន នៅក្នុងខែវិច្ឆិកាខាងមុខនេះ ដោយមានគោលបំណងពង្រឹងការផ្លាស់ប្តូរយុទ្ធសាស្ត្រ និងការសម្របសម្រួលជាមួយប្រទេសចិនបន្ថែមទៀត។
ចំពោះលោក វ៉ាង បាននិយាយថា ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ប្រាបូវ៉ូ ប្រទេសឥណ្ឌូណេស៊ីបានយកឈ្នះលើបញ្ហាប្រឈមជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងបានចូលដល់ដំណាក់កាលនៃការអភិវឌ្ឍជាតិយ៉ាងឆាប់រហ័ស។
ដោយគូសបញ្ជាក់ពីគុណសម្បត្តិបំពេញបន្ថែមដ៏រឹងមាំរបស់ប្រទេសទាំងពីរ លោកបានបញ្ជាក់ថា ប្រទេសចិន គឺជាដៃគូដែលអាចទុកចិត្តបានយូរអង្វែង និងមានស្ថិរភាពរបស់ប្រទេសឥណ្ឌូណេស៊ីក្នុងដំណើរការអភិវឌ្ឍន៍ជាតិ៕





