មហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការវិនិយោគនៅខេត្តភាគឦសានភាគច្រើនខាងទេសចរណ៍ និងកសិ-ឧស្សាហកម្ម
AKP ក្រចេះ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ការវិនិយោគនៅខេត្តភាគឦសានភាគច្រើនគឺខាងទេសចរណ៍ និងកសិ-ឧស្សាហកម្ម ដែលត្រូវការភាពនឹងនរច្បាស់លាស់ នៃការលើកទឹកចិត្តក្នុងរយៈពេលវែង ដើម្បីធ្វើឱ្យសម្រេចកិច្ចការនេះ។ ការលើកឡើងយ៉ាងដូច្នេះរបស់សម្តេចនាយករដ្ឋមន្ត្រីធ្វើឡើង ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុប ៩៨,៤០៥ គ.ម ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក នាខេត្តក្រចេះ ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។

សម្តេចធិបតី នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជម្រុញការអភិវឌ្ឍតំបន់ភូមិភាគឦសានដែលសម្តេចបានប្រកាសចេញកាលពីដើមឆ្នាំទៅ ក្រោយពីរាជរដ្ឋាភិបាលបានសាកល្បងមួយនៅខេត្តព្រះសីហនុ ដែលខេត្តព្រះសីហនុកន្លងទៅយើងមាននីតិវិធីជួយជម្រុញ និងលើកទឹកចិត្តការវិនិយោគ ដែលយើងមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) យើងមានខេត្ត (អនុគណៈកម្មាធិការវិនិយោគថ្នាក់ខេត្ត) យើងបានបង្កើតក្រុមការងារជម្រុញអភិវឌ្ឍន៍សាកល្បងនៅខេត្តព្រះសីហនុ ដោយសារកាលនោះយើងចង់ជម្រុញការស្ដារអគារដែលជាប់គាំង។ យើងបានបង្កើតក្រុមការងារដែលមិនបាច់ចាំរត់មករក CDC ឬរត់ទៅស្ថាប័នច្រើនទេ។ សម្តេចបានបន្តថា ក្រោយពីយើងបានដកខ្លួនចេញពី CLV-DTA សម្តេចបានឱ្យឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រៀបចំធ្វើកិច្ចការនេះដូចគ្នាសម្រាប់ខេត្តផ្សេងទៀត ខណៈនៅខេត្តព្រះសីហនុយើងធ្វើមួយឆ្នាំម្តង ហើយឆ្នាំក្រោយបើថាត្រូវការទៀត យើងពន្យារមួយឆ្នាំ ប៉ុន្តែនៅទីនេះយើងឱ្យកម្មវិធីត្រូវធ្វើរយៈពេល ៤ឆ្នាំម្តង ដើម្បីលើកទឹកចិត្ត (២០២៥-២០២៨) ពីព្រោះការវិនិយោគនៅទីនេះខុសពីវិនិយោគនៅខេត្តព្រះសីហនុ ខេត្តព្រះសីហនុភាគច្រើនលើសណ្ឋាគារ និងលើអ្វីៗផ្សេងទៀតដែលត្រូវការរយៈពេលខ្លី តែនៅខេត្តខាងឦសានការវិនិយោគគឺភាគច្រើនខាងទេសចរណ៍ និងកសិ-ឧស្សាហកម្ម ដែលត្រូវការភាពនឹងនរច្បាស់លាស់ នៃការលើកទឹកចិត្តរយៈពេលវែងជាង ក្នុងនោះយើងក៏ត្រូវមានការលើកទឹកចិត្ត តាមរយៈផ្នែកពន្ធដារ ពន្ធគយ ការផ្តល់ហិរញ្ញប្បទានក្រោមអត្រាការប្រាក់ ការបន្ធូរបន្ថយថ្លៃដើមផលិតកម្ម និងការសម្រួលនីតិវិធី ការដោះស្រាយការប្រឈម ដោយរៀបចំក្រុមការងារនេះសម្រាប់កាត់បន្ថយនីតិវិធី និងសិទ្ធិនៅក្នុងការសម្រេចបានត្រឹមត្រូវ និងលឿន។
បើតាមសម្តេចធិបតី នាយករដ្ឋមន្ត្រី គិតត្រឹមថ្ងៃទី៧ សីហា កន្លងទៅនេះ មានគម្រោងវិនិយោគសរុប ៧២គម្រោង នៅក្នុងនោះគម្រោង ៥៧ត្រូវបានពិនិត្យ និងបន្តនីតិវិធី ដែលទុនសរុបនៅក្នុងគម្រោងទាំងនោះមាន ២.៧០០ពាន់លានដុល្លារអាម៉េរិក ហើយគម្រោងស្នើសុំទាំង ៧២គម្រោងនេះបើអនុវត្តទាំងអស់គឺបង្កើតការងារជាង ៨ម៉ឺនកន្លែង ក្នុងនោះសម្រាប់ខេត្តក្រចេះគឺទទួលបាន ១៩គម្រោង ដោយគម្រោង ១៤ ត្រូវបានពិនិត្យ និងបន្តនីតិវិធី។ គម្រោងស្នើសុំ ១៩នេះសរុប ១,១ពាន់លានដុល្លារអាម៉េរិក ដែលគម្រោងទាំង ១៩នេះគ្រោងប្រើកម្មករប្រហែលជាង ២៦.០០០នាក់នៅពេលគម្រោងនេះដាក់អនុវត្ត។ ខេត្តស្ទឹងត្រែងទទួលបាន ២០គម្រោង ក្នុងនោះ ១៦គម្រោងត្រូវបានពិនិត្យ និងបន្តនីតិវិធី ដោយ ២០គម្រោងនោះមានទុនសរុប ១៤១លានដុល្លារអាម៉េរិក និងអាចផ្តល់ការងារជិត ៤.០០០កន្លែង។ ខេត្តរតនគិរីមាន ១១គម្រោង ក្នុងនោះគម្រោង ១០ត្រូវបានពិនិត្យ និងបន្តនីតិវិធី ដោយគម្រោងស្នើសុំទាំង ១១សរុបជាង ៨៨៦លានដុល្លារអាម៉េរិក និងត្រូវប្រើកម្មករប្រហែលជា ៤៨.០០០នាក់ ហើយបើតាមប្រវត្តិនៃការស្នើសុំរបស់នៅ CDC គម្រោងដែលបានអនុវត្តគឺមានជាង ៩៥%។ បានន័យថា ក្នុង ១០០ មានតែ ៥ ទេដែលបានបោះបង់។ សម្រាប់មណ្ឌលគីរីមានគម្រោងវិនិយោគ ២២គម្រោង ១៣ ត្រូវបានពិនិត្យ និងបន្តនីតិវិធី ក្នុង ២២គម្រោងនេះមានទុនវិនិយោគ ៥០១លានដុល្លារអាម៉េរិក ដែលអាចបង្កើតការងារប្រហែល ៥.០០០នាក់៕
ដោយ៖ ចាន់ សុភឿន





