ក្រុមគ្រួសារអតីតយុទ្ធពលី ដែលមានជីវភាពលំបាកខ្វះខាត នៅឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្កទទួលបានផ្ទះថ្មី អំណោយសម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
AKP កំពង់ធំ ថ្ងៃទី២៥ខែសីហាឆ្នាំ២០២៦--ឧត្តមសេនីយ៍ទោ សោម ស៊ុន មេប ញ្ជាការ តំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការនិងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធ ជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្ដម នួន ផារ័ត្ន អភិបាល ខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្ត កំពង់ធំ កាលពីថ្ងៃទី២៤ខែសីហាឆ្នាំ២០២៦បានដឹកនាំសហការី ទៅប្រគល់ផ្ទះថ្មី១ខ្នង ដែលជាខ្នងទី២៤ក្នុងស្រុកប្រាសាទបល្ល័ង្ក អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនក្រុមគ្រួសារអតីតយុទ្ធ ជនពលី ដែលមានដី តែមានជម្រកស្នាក់នៅមិនសមរម្យ នៅភូមិសាគ្រាមជើងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

លោកស្រី ស៊ុយ ភីម បានរៀបរាប់ថាកូនរបស់គាត់ធ្លាប់បានចូលបម្រើការក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៨នៅអង្គភាព កងវរសេនាតូចលេខ៣ហើយត្រូវបានពលីជីវិតនៅឆ្នាំ ១៩៩៥ ដោយប្រយុទ្ធជាមួយខ្មាំង ។ បច្ចុប្បន្នគាត់រស់នៅជាមួយស្វាមីនិងកូនៗ នៅក្នុងបន្ទុកចំនួន ៧នាក់ហើយមានជីវភាពលំបាកខ្វះខាត ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជា ក់ថា ផ្ទះថ្មី ដែលទើបសាងសង់រួចនេះ មានទំហំ ៥ម៉ែត្រគុណ៧ម៉ែត្រ សាង សង់ពីសសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត រនាបក្រាលក្តារ ដោយមានតសំយ៉ាបផ្ទះបាយទៅក្រោយប្រវែង ៣ម៉ែត្រ ព្រមទាំងមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់ផងដែរ។ហើយកន្លងទៅនេះ នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំបានសាងសង់ផ្ទះចំនួន២៤ខ្នង ជូនក្រុមគ្រួសារអតីតយុទ្ធជនរួចមកហើយ និងកំពុងដំណើរការសាងសង់បន្តមួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តម សេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេ ខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ។

ក្នុងឱកាសនោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកស្រី ឃួន ឡេ ក៏បាននាំយកនូវស្បៀងអាហារគ្រឿងឧប ភោគបរិភោគ សម្ភារប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ ចាន ឆ្នាំង និងថវិកាមួយចំនួន ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗ ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់លោកស្រី ស៊ុយ ភីម សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងសម្រាប់ប្រើប្រាស់ក្នុងឱកាសទទួលបានផ្ទះថ្មីនៅពេលនេះផងដែរ។

លោក ចាន់ សុផល មេឃុំ និងជាប្រធានសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឃុំសាគ្រាមតំណាងឱ្យលោកស្រី ស៊ុយ ភីម ដែលជាក្រុមគ្រួសារអតីតយុទ្ធជនពលី និងតំណាងឱ្យប្រជាពលរដ្ឋនៅឃុំសាគ្រាម បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្ដល់ផ្ទះថ្មីចំនួន ១ខ្នង និងស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន សម្រាប់ឡើងផ្ទះថ្មី ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនពលីនៅពេលនេះ និងសូមគោរពជូនពរសម្ដេច ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា នៅគ្រប់ថ្នាក់ សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ ស៊ុម វណ្ណា





