អង្គការ World Vision បើកសិក្ខាសាលាស្តីពី«ការលើកកម្ពស់ការយល់ដឹងរបស់យុវជនអំពីការជ្រើសរើសជំនាញវិជ្ជាជីវៈ និងឱកាសការងារ»
AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៦– អង្គការទស្សនពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា World Vision បានសហការជាមួយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍(NIEI) បានរៀបចំសិក្ខាសាលាស្តីពី «ការលើកកម្ពស់ការយល់ដឹងរបស់យុវជនអំពីការជ្រើសរើសជំនាញវិជ្ជាជីវៈ និងឱកាសការងារ» ក្នុងគោលបំណងផ្តល់ចំណេះដឹង និងព័ត៌មានសំខាន់ៗដល់យុវជន អំពីការជ្រើសរើសជំនាញវិជ្ជាជីវៈឱ្យស្របទៅនឹងចំណង់ចំណូលចិត្ត សមត្ថភាព និងតម្រូវការទីផ្សារការងារ។

ប្រភពពីអង្គការ World Vision បានឱ្យដឹងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ថា សិក្ខាសាលានេះ បានផ្តោតលើការយល់ដឹងពីនិន្នាការទីផ្សារការងារ ដើម្បីស្វែងយល់ពីតម្រូវការជាក់ស្តែងនាពេលបច្ចុប្បន្ន ព្រមទាំងការកំណត់ជំនាញដែលមានតម្រូវការខ្ពស់ និងជំនាញយុទ្ធសាស្ត្រសម្រាប់អនាគត។ ជាមួយគ្នានេះ កម្មវិធីក៏បានជំរុញការអភិវឌ្ឍសមត្ថភាព ដោយលើកទឹកចិត្តឱ្យយុវជនមានភាពក្លាហានក្នុងការកំណត់គោលដៅអាជីពរបស់ខ្លួន។

លើសពីនេះ យុវជនក៏ទទួលបានឱកាសក្នុងការពិភាក្សាផ្ទាល់ តាមរយៈការស្តាប់បទបង្ហាញ និងការសួរឆ្លើយដើម្បីដោះស្រាយចម្ងល់ផ្សេងៗជាមួយអ្នកជំនាញផងដែរ។តាមរយៈសិក្ខាសាលាដ៏មានសារៈសំខាន់នេះ យុវជននឹងទទួលបានឱកាសកសាងទំនុកចិត្តខ្ពស់ក្នុងការធ្វើការសម្រេចចិត្តជ្រើសរើសអាជីព។
នេះ វាក៏ជាផ្នែកមួយក្នុងការបង្កើនភាពត្រៀមខ្លួនរបស់យុវជនក្នុងការចូលទៅក្នុងទីផ្សារការងារ និងចូលរួមចំណែកក្នុងការកសាងមូលធនមនុស្សប្រកបដោយសមត្ថភាពសម្រាប់សង្គម និងសេដ្ឋកិច្ចកម្ពុជា ៕

ដោយ៖ ណយ នឿន (ប្រភព៖World Vision)





