អភិបាលរងខេត្តបន្ទាយមានជ័យ៖ អំណោយមនុស្សធម៌ជាកម្លាំងបន្ថែមជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋភៀសសឹកនៅស្រុកស្វាយចេក
AKP បន្ទាយមានជ័យ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦--លោក ហ៊ិល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យតំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ SEAPC-C អង្គការផ្ទះកុមារក្តីសង្ឃឹមថ្មី ដែលបានបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ក្នុងការជួយសម្រាលបន្ទុកជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលកំពុងភៀសសឹក និងជួបការលំបាកនៅក្នុងភូមិរង់ចាំ នៃស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ការថ្លែងអំណរគុណនេះ ធ្វើឡើងក្នុងពេលលោក ហ៊ិល រ៉ាយ៉ា ដឹកនាំក្រុមការងារ ចុះចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋចំនួន ១៥០គ្រួសារ នៅភូមិរង់ចាំ៣ ឃុំស្លក្រាម ស្រុកស្វាយចេក កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ដែលជាអំណោយឧបត្ថម្ភដោយ SEAPC-C អង្គការផ្ទះកុមារក្តីសង្ឃឹមថ្មី។
លោក ហ៊ិល រ៉ាយ៉ា បានបញ្ជាក់ថា ការចូលរួមរបស់អង្គការផ្ទះកុមារក្តីសង្ឃឹមថ្មី មិនត្រឹមតែជាការផ្តល់សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែជាកាយវិការមនុស្សធម៌ដ៏មានតម្លៃ ដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលកំពុងប្រឈមនឹងការលំបាកក្នុងជីវភាព។ ជាពិសេស វាបានជួយកាត់បន្ថយបន្ទុកចំណាយប្រចាំថ្ងៃ និងផ្តល់កម្លាំងចិត្តដល់ប្រជាពលរដ្ឋឱ្យមានភាពកក់ក្តៅ និងមានជំនឿចិត្តក្នុងការឆ្លងកាត់ស្ថានភាពលំបាក។

លោកអភិបាលរងខេត្តបានវាយតម្លៃថា ការចូលរួមរបស់សប្បុរសជន អង្គការ និងដៃគូអភិវឌ្ឍន៍ តាមរយៈការផ្តល់ជំនួយមនុស្សធម៌ គឺជាកម្លាំងបន្ថែមដ៏សំខាន់សម្រាប់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការជួយដោះស្រាយបញ្ហាប្រឈមជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ ការរួមគ្នារវាងអាជ្ញាធរ និងសង្គមស៊ីវិល ក៏ជាកត្តាសំខាន់មួយក្នុងការធានាថា ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកមិនត្រូវបានទុកឱ្យនៅឯកោឡើយ។
ក្នុងឱកាសនោះ លោកបានថ្លែងអំណរគុណដល់ SEAPC-C អង្គការផ្ទះកុមារក្តីសង្ឃឹមថ្មី សម្រាប់ទឹកចិត្តសប្បុរសធម៌ និងការចូលរួមជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ ព្រមទាំងបានលើកទឹកចិត្តឱ្យបន្តកិច្ចសហការមនុស្សធម៌ជាមួយអាជ្ញាធរខេត្ត និងមូលដ្ឋាន ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋនៅតំបន់ដែលកំពុងត្រូវការជំនួយ។

សម្រាប់អំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង១៥០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ២០គីឡូក្រាម មី១កេស និងគ្រឿងទេសមួយឃីត រួមមាន ទឹកត្រី ទឹកស៊ីអ៊ីវ ខ្ទឹមស ស្ករស អំបិល ម្រេច និងប៊ីចេង។
អំណោយទាំងនេះ ទោះបីជាមិនអាចដោះស្រាយបញ្ហាជីវភាពរបស់គ្រួសារបានទាំងស្រុងក៏ដោយ ប៉ុន្តែជាជំនួយចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃ និងជាការរួមចំណែកដ៏មានន័យក្នុងការកាត់បន្ថយបន្ទុករបស់គ្រួសារដែលកំពុងជួបការលំបាក។
ជាមួយគ្នានេះ ការចុះជួបផ្ទាល់ និងការចែកអំណោយដោយថ្នាក់ដឹកនាំខេត្ត និងក្រុមការងារ ក៏បានបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្តបន្ទាយមានជ័យ ចំពោះសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលកំពុងស្ថិតក្នុងស្ថានភាពងាយរងគ្រោះ។

សកម្មភាពមនុស្សធម៌នេះ ក៏បានបញ្ជាក់ពីសារៈសំខាន់នៃស្មារតី “រួមគ្នាជួយគ្នា” ក្នុងសង្គមកម្ពុជា ដោយការចូលរួមពីអង្គការ សប្បុរសជន អាជ្ញាធរ និងភាគីពាក់ព័ន្ធ អាចបង្កើតជាបណ្តាញគាំពារសង្គមមួយដែលជួយឱ្យប្រជាពលរដ្ឋមានកម្លាំងចិត្ត និងអាចបន្តជីវភាពប្រចាំថ្ងៃបានកាន់តែល្អប្រសើរ៕

ដោយ ឈុន សារ៉ាត





