ព្រះករុណាព្រះមហាក្សត្រ នឹងប្រោសប្រទាននូវព្រះរាជសារ ក្នុងកម្មវិធីបើកសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២
AKP ភ្នំពេញ ថ្ងៃទ២៤ ខែសីហា ឆ្នាំ២០២៦--ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត ទ្រង់សព្វព្រះរាជហឫទ័យ នឹង ប្រោសប្រទាននូវព្រះរាជសាររបស់ព្រះអង្គក្នុងកម្មវិធីបើកនៃសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ ក្នុងខណៈកម្ពុជា ទទួលបានកិត្តិយសធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៦ ដល់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ខាងមុខនោះ។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភាចេញផ្សាយ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦។

សេចក្តីប្រកាសព័ត៌មានបានដឹងដែរថា របស់អគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភាបានឱ្យដឹងដែរថា តបតាមសំណើរបស់ប្រធានស្ថាបនិកសន្និសីទប្រធានសភានៃអន្តរសភា ព្រឹទ្ធសភានិងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (2nd Inter-Parliamentary Speakers' Conference - ISC-2) ក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី» ចាប់ពីថ្ងៃទី២៦ ដល់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ខាងមុខនេះ នៅសាលសន្និសីទ នៃអគ្គនាយកដ្ឋានពន្ធដារ (GDT) រាជធានី ភ្នំពេញ។ សន្និសីទនេះ នឹងមានការអញ្ជើញចូលរួមពីប្រធានសភា តំណាងប្រធានសភា ប្រធានអង្គការ អន្តរសភា អង្គការអន្តរជាតិពាក់ព័ន្ធ និងគណៈប្រតិភូមកពីប្រទេសនៅទ្វីបអាស៊ី អឺរ៉ុប អាហ្វ្រិក មជ្ឈិមបូព៌ា អូសេអានី និងអាម៉េរិកឡាទីន។ នៅក្នុងកម្មវិធីនេះផងដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន ISC-2, ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី ប្រធានស្ថាបនិក ISC និងជាប្រធានព្រឹទ្ធសភា ប៉ាគីស្ថាន, និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ឥស្សរជន ថ្នាក់ដឹកនាំជាតិ និងអន្តរជាតិជាច្រើន នឹងចូលរួមថ្លែងសុន្ទរកថា ដើម្បីចែករំលែកនូវចក្ខុវិស័យ ក្នុងការពង្រឹងការទូតសភា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសន្តិភាព និងវិបុលភាពយូរអង្វែង ដែលជាតម្រូវការបន្ទាន់សម្រាប់ពិភពលោកបច្ចុប្បន្ន ដែលកំពុងប្រឈមទៅនឹងភាពមិនប្រាកដប្រជានិង ការវិវត្តប្រែប្រួលឆាប់រហ័ស ។ នៅកិច្ចប្រជុំពេញអង្គនៃសន្និសីទ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ និង ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី នឹងធ្វើជាសហប្រធាននៃកិច្ច ពិភាក្សាទូទៅ។ ជាមួយគ្នានេះ ឯកឧត្តម លោកជំទាវ ប្រធានសភា តំណាងប្រធានសភា ប្រធានអង្គការ អន្តរសភា អង្គការអន្តរជាតិពាក់ព័ន្ធ នឹងឡើងថ្លែងសុន្ទរកថាផ្លាស់ប្តូរទស្សនវិស័យ ចំណេះដឹងបទពិសោធ ដ៏មានតម្លៃ និងធាតុចូល សំដៅដោះស្រាយបញ្ហាប្រឈមដ៏ស្រួចស្រាល់ ដែលពិភពលោកកំពុងជួបប្រទះ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ក៏នឹងថ្លែងសុន្ទរកថាពិសេស ក្នុងកិច្ចប្រជុំពេញអង្គ ផងដែរ។
នាឱកាសនេះដែរ ប្រធានគណៈប្រតិភូទាំងអស់ នឹងចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តែងការគួរសម ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងទស្សនាពិព័រណ៍ពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងសមិទ្ធផលនៃការអភិវឌ្ឍរបស់កម្ពុជា ក៏ដូចជាទស្សនាទីតាំងវប្បធម៌សំខាន់ៗនៅក្នុងរាជធានីភ្នំពេញ ផងដែរ។ ជាកិច្ចបញ្ចប់នៃសន្និសីទ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជា នឹងថ្លែងសុន្ទរកថាបិទកម្មវិធី។ គួរបញ្ជាក់ដែរថា ការទទួលបានកិត្តិយស ក្នុងឋានៈជាម្ចាស់ផ្ទះនៃការរៀបចំសន្និសីទប្រធានសភានៃអន្តរសភា លើកទី២នេះ គឺជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែង និងការបន្តប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការ ចូលរួមដោះស្រាយបញ្ហាប្រឈមរបស់ពិភពលោក តាមរយៈយន្តការអន្តរសភា និងសាមគ្គីភាពរវាងសភា នៃបណ្តាប្រទេស និងអង្គការអន្តរសភាទាំងអស់ពីគ្រប់តំបន់ ដែលការណ៍នេះ ក៏នឹងរួមចំណែកដល់ ការសម្រេចបាននូវបំណងប្រាថ្នាជាសកលដើម្បីសន្តិភាព និងវិបុលភាពរួម ព្រមជាមួយនឹងការពង្រឹង ច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី៕
ដោយ៖ ជឹម ណារី





