ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញចុះត្រួតពិនិត្យប្រព័ន្ធធារាសាស្ត្រទំនើបកម្មអាងកំពីងពួយ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦-- ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃអាទិត្យទី២៣ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៃប្រព័ន្ធធារាសាស្ត្រទំនើបកម្មអាងកំពីងពួយ ស្ថិតក្នុងភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង។
ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ពីសារៈសំខាន់នៃប្រព័ន្ធធារាសាស្ត្រទំនើបកម្មប្រទាក់ក្រឡានេះ ក្នុងការចែកចាយទឹកតាមប្រឡាយរង ស្របតាមបរិបទនៃការប្រែប្រួលអាកាសធាតុ ដើម្បីឆ្លើយតបតម្រូវការស្រោចស្រពដំណាំកសិកម្ម និងគោលបំណងពហុវិស័យ។ ជាមួយគ្នានេះ ប្រព័ន្ធនេះមានតួនាទីជួយរំដោះទឹកជំនន់ចេញពីទីរួមខេត្ត និងតំបន់ជុំវិញនារដូវវស្សា រក្សាស្ដុកទឹកទុកសម្រាប់រដូវប្រាំង ព្រមទាំងចូលរួមលើកកម្ពស់វិស័យទេសចរណ៍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងផងដែរ។


សូមបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រនេះ ត្រូវបានស្តារឡើងវិញចាប់តាំងពីឆ្នាំ២០១៨ ដោយមានប្រឡាយសរុបប្រវែង ១៣៧ គីឡូម៉ែត្រ (ក្នុងនោះប្រឡាយដីប្រវែង ៩៧ គីឡូម៉ែត្រ និងប្រឡាយបេតុងប្រវែង ៤០ គីឡូម៉ែត្រ ស្មើនឹង ២៤ ខ្សែ) ព្រមទាំងសំណង់សិល្បការ្យតូចធំសរុបចំនួន ៤៣០ សំណង់ ដែលមានសមត្ថភាពស្រោចស្រពលើផ្ទៃដីកសិកម្មបានចំនួន ១៥.០០០ ហិកតា។


ឯកឧត្តមរដ្ឋលេខាធិការ និងប្រតិភូក៏បាន អញ្ជើញបន្តដំណើរចុះត្រួតពិនិត្យទីតាំងបន្ថែម ក្នុងភូមិសាស្ត្រឃុំអូរតាកែ វាលទ្រា រហូតដល់ផ្លូវជាតិលេខ៥ និងឆ្លងផ្លូវជាតិលេខ៥ ដែលជាតំបន់មានសក្តានុពលបន្ថែមលើផ្ទៃដីចំនួន ១២.០០០ ហិកតា លើប្រព័ន្ធធារាសាស្ត្រដែលមានស្រាប់៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





