ឯកឧត្តម ម៉ាង ស៊ីណេត ប្រគល់លិខិតថ្លែងអំណរគុណសប្បុរសជនជួយស្ថាបនាផ្លូវបេតុង១ខ្សែ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានផ្តល់លិខិតថ្លែងអំណរអគុណជូនចំពោះលោកស្រី ប្រាក់ សុខា ដែលបានជួយស្ថាបនាផ្លូវបេតុងមួយខ្សែស្ថិតនៅភូមិ១ សង្កាត់ លេខ៣ ក្រុង ខេត្តព្រះសីហនុ នារសៀលថ្ងៃព្រហស្បតិ៍ទី២០ ខែសីហា ឆ្នាំ២០២៦។
ផ្លូវបេតុងមួយខ្សែនេះធ្វើអំពីបេតុង ឆ្អឹងដែក មានបណ្តោយ ៣១៨ម៉ែត្រ ទទឹង ៧.២៥ម៉ែត្រ និងកម្រាស់០,១៥ម៉ែត្រ ដាក់ ប្រព័ន្ធលូបង្ហូរទឹកភ្លៀងមុខកាត់ ០.៥០ម៉ែត្រ អមសងខាងផ្លូវ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ចំណាយថវិកា ១៥០ ០០០ដុល្លាអាមេរិក សម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈក្នុងក្រុងព្រះសីហនុ។

លោកស្រី ប្រាក់ សុខា បានមានប្រសាសន៍ថា គម្រោងស្ថាបនាផ្លូវបេតុងមួយខ្សែស្ថិតនៅក្នុងសង្កាត់លេខ៣នេះ គឺជាការចូលរួមចំណែកជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងខេត្តព្រះសីហនុ ក៏ដូចជាការចូលរួមចំណែកជួយសម្រួលចរា ចរណ៍របស់ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុកាន់តែមានភាពងាយ ស្រួល ជាពិសេសបង្កើននូវសោភ័ណភាព អនាម័យ បរិស្ថានក្នុងក្រុងកាន់តែមានភាពទាក់ទាញជាទីក្រុងទេសចរណ៍ ស្ថិតនៅភាគនិរតី នៃប្រទេសកម្ពុជា។


ជាមួយគ្នានោះដែរ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណគុណដល់លោកស្រី ប្រាក់ សុខា ដែលបានចូលរួមបរិច្ឆាកថវិកាជួយសាងសង់ផ្លូវបេតុងមួយខ្សែនេះឡើង ដែលជាសមិទ្ធិផលផ្លូវបេតុងថ្មីមួយខ្សែទៀតនៅក្នុងក្រុងព្រះសីហនុ ម្យ៉ាងទៀត នេះជាការចូលរួមចំណែកជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធរវាងវិស័យឯកជន ជាមួយនឹងរដ្ឋបាលខេត្តព្រះសីហនុ ជាពិសេសថែមទៀតនោះ គឺបង្កើននូវសោភ័ណភាពបរិស្ថានក្នុងក្រុងព្រះសីហនុជាទីក្រុងទេសចរណ៍ប្រកបដោយសក្តានុពល ជាទីក្រុងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមួយនៅប៉ែកនិរតីនៃព្រះ រាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុក៏បានបញ្ជាក់ថា សមិទ្ធផលផ្លូវបេតុង១ខ្សែនេះ គឺជាផ្នែកមួយនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសការធ្វើចរាចរណ៍កាន់តែមានភាពងាយស្រួលក្នុងមូលដ្ឋាន ដែលជាសសៃឈាមសេដ្ឋកិច្ចមួយយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិនៅក្នុងមូលដ្ឋានកាន់តែប្រសើរឡើង ដើម្បីផលប្រយោជន៍រួម ព្រោះបើយើងមានផ្លូវ យើងនឹងមានក្តីសង្ឃឹម ហើយក៏ជាសសៃឈាមសេដ្ឋកិច្ច ជាពិសេសការធ្វើចរាចរណ៍ដឹកជញ្ជូនទៅកាន់ទីផ្សារកាន់តែមានភាពងាយស្រួលថែមទៀតផង៕
ដោយ ងូ សុមុនី





