ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមមណ្ឌលកំណែទាំង១០
AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦--ប្រធាន អនុប្រធានមណ្ឌលនៅតាមមណ្ឌលកំណែទាំងអស់ បានដឹកនាំសមាជិកក្រុមកំណែមុខវិជ្ជាទាំង១០ បានបន្តដំណើរការកំណែសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦។
លោកគ្រូ អ្នកគ្រូ ដែលជាប្រធានក្រុមដឹកនាំធ្វើអត្រាកំណែទាំងអស់ បានធ្វើការបែងចែកសមាជិកបន្តជាក្រុមតូច និងធ្វើការណែនាំដល់សមាជិកទាំងអស់ឲ្យបំពេញភារកិច្ចឲ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ ដោយមិនត្រូវយកមកជាមួយនូវទូរសព្ទដៃ និងឧបករណ៍អេឡិចត្រូនិកចូលបន្ទប់កំណែ ដើម្បីជៀសវាងបង្ហោះរាល់សំណៅកិច្ចការបេក្ខជន ឬអត្រាកំណែតាមបណ្ដាញសង្គម។

សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំមណ្ឌលកំណែមានទីតាំងនៅសាលារៀនចំនួន១០ ក្នុងរាជធានីភ្នំពេញ រួមមាន មណ្ឌលកំណែភាសាបរទេស មណ្ឌលកំណែគណិតវិទ្យា មណ្ឌលកំណែប្រវត្តិវិទ្យា មណ្ឌលកំណែអក្សរសាស្ត្រខ្មែរ មណ្ឌលកំណែរូបវិទ្យា មណ្ឌលកំណែគីមីវិទ្យា មណ្ឌលកំណែជីវវិទ្យា មណ្ឌលកំណែភូមិវិទ្យា មណ្ឌលកំណែសីលធម៌ ពលរដ្ឋវិជ្ជា មណ្ឌលកំណែផែនដី និងបរិស្ថានវិទ្យា។

ស្របពេលជាមួយគ្នានេះ ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជននៅតាមមណ្ឌលកំណែនីមួយៗត្រូវប្រព្រឹត្តទៅក្រោមការយកចិត្តទុកដាក់ហ្មត់ចត់បំផុតឈរលើគោលការណ៍ «អ្នកចេះគឺជាប់» ដោយមានការចូលរួមយ៉ាងសកម្មពីគណៈកម្មការកំណែ និងការតាមដានត្រួតពិនិត្យពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីធានាបាននូវតម្លាភាព យុត្តិធម៌ និងលទ្ធផលឆ្លើយតបនឹងសមត្ថភាពពិតប្រាកដរបស់បេក្ខ ជនម្នាក់ៗ។

ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់ប្រកាសលទ្ធផលប្រឡងតាមមណ្ឌលសំណេរនៃរាជធានី-ខេត្តទាំង២៥ នៅទូទាំងប្រទេស៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





