ក្រសួងការងារបានត្រៀមការងារថ្មីជូនកម្មករនៃរោងចក្រ៣នៅបន្ទាយ មានជ័យដែលប៉ះពាល់ពីការឈ្លាន ពានរបស់ថៃ ទាំងតាម «១២៩៧» និង «ការចុះឈ្មោះជូនផ្ទាល់នៅរោងចក្រ»
AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦--លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួង ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន ឱ្យដឹងថា ក្រសួងបានត្រៀមឱកាសការងារថ្មីជូនបងប្អូនកម្មករនិយោជិតនៃរោងចក្រចំនួន៣ នៅខេត្តបន្ទាយមាន ជ័យ ដែលរងផលប៉ះពាល់ពីការបិទរោងចក្រ ពីការឈ្លានពានរបស់ថៃ តាម “១២៩៧” និង ”ការចុះឈ្មោះជូនផ្ទាល់នៅរោងចក្រ ” ជាមួយឱកាសការងារចំនួន ៩,១ ម៉ឺនកន្លែង។

លោកបានថ្លែងថា៖ «ក្រសួងបានត្រៀមឱកាសការងារសម្រាប់បងប្អូនកម្មករដែលរងផលប៉ះពាល់ ហើយបងប្អូនអាចចុះឈ្មោះស្វែងរកការងារថ្មីតាមរយៈលេខ ១២៩៧ ឬអាចចុះឈ្មោះដោយផ្ទាល់នៅទីតាំងរោងចក្រ។ បច្ចុប្បន្ននេះ យើងមានឱកាសការងារប្រមាណ ៩,១ ម៉ឺនកន្លែង ក្នុងនោះការងារ ក្នុងវិស័យកាត់ដេរមានជាង ៧ម៉ឺនកន្លែង និងវិស័យអេឡិចត្រូនិកមានប្រមាណ ២ ពាន់កន្លែង»។

អ្នកនាំពាក្យរូបនេះ បានអំពាវនាវដល់បងប្អូនកម្មករនិយោជិតដែលរងផលប៉ះពាល់ កុំមានការព្រួយបារម្ភខ្លាំងចំពោះការស្វែងរកការងារថ្មី ដោយក្រសួងកំពុងសម្របសម្រួលផ្តល់ព័ត៌មាន និងភ្ជាប់អ្នកស្វែងរកការងារទៅកាន់និយោជកដែលកំពុងត្រូវការកម្លាំងពលកម្ម។

ជាមួយគ្នានេះ សម្រាប់បងប្អូនកម្មករដែលមានបំណងផ្លាស់ប្តូរមុខរបរ ឬចង់បង្កើនជំនាញ ក្រសួងក៏បានលើកទឹក ចិត្តឱ្យចូលរួមវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបង្កើនសមត្ថភាព និងពង្រីកឱកាសក្នុងការ ស្វែងរកការងារថ្មី។

លោក ស៊ុន មេសា ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវដល់បងប្អូនកម្មករនិយោជិតដែលរងផលប៉ះពាល់ ឱ្យចុះឈ្មោះតាមមធ្យោបាយដែលក្រសួងបានរៀបចំ ដើម្បីទទួលបានព័ត៌មានអំពីឱកាសការងារ និងការណែនាំពីមន្ត្រីជំនាញ៕
ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ ក្រសួងការងារ





