វគ្គបណ្ដុះបណ្តាលស្តីពី បទដ្ឋានអប្បបរមាសម្រាប់ការថែទាំជំនួសចំពោះកុមារ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦–ឯកឧត្តម តូច ចាន់នី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងឯកឧត្តម អ៊ុំ សុផាន់ណារ៉ា អគ្គនាយកសេវាសង្គមកិច្ច នៅថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ ២០២៦ បានអញ្ជើញជាអធិបតីបិទ វគ្គបណ្ដុះបណ្តាលស្តីពី បទដ្ឋានអប្បបរមាសម្រាប់ការថែទាំជំនួសចំពោះកុមារ ដោយគាំទ្រដោយអង្គការសកម្មភាពដើម្បីកុមារ (APLE Cambodia) ដែលមានសមាសភាពចូលរួមពីលោក លោកស្រីប្រធានមណ្ឌលថែទាំកុមារ ប្រធានកម្មវិធីកន្លែងថែទាំ និងការថែទាំក្នុងគ្រួសារតាមសហគមន៍របស់អង្គការដៃគូមកពីខេត្តបន្ទាយមានជ័យ កំពង់ធំ កំពត តាកែវ សៀមរាប ព្រៃវែង និងរតនគិរី ដែលមានអ្នកចូលរួមសរុបចំនួន ៨០រូប ស្រី៣៣រូប។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង ផ្តល់ចំណេះដឹងអំពីបទដ្ឋានអប្បបរមាស្តីពីការថែទាំជំនួសចំពោះកុមារដែលបានកែសម្រួលថ្មី ដើម្បីជាមូលដ្ឋានក្នុងការកែឋសម្រួលលើការងារគ្រប់គ្រង និងផ្តល់សេវាថែទាំជំនួសចំពោះកុមារ និងពង្រឹងប្រសិទ្ធភាព និងផ្តល់ណែនាំពីការត្រួតពិនិត្យ តាមដាន និងវាយតម្លៃគុណភាពនៃការផ្តល់សេវាថែទាំជំនួស ដូចបានកំណត់នៅក្នុងបទដ្ឋានអប្បបរមាសម្រាប់ការថែទាំជំនួសចំពោះកុមារ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារឆ្នាំ២០២៤។

ឯកឧត្តម តូច ចាន់នី បានលើកឡើងថា ក្នុងពិធីបិទវគ្គបណ្តុះបណ្ដាលនេះ ដើម្បីរួមគ្នាបន្តដោះស្រាយបញ្ហាកិច្ចការពារកុមារ និងធានាថាកុមារគ្រប់រូបរស់នៅក្នុងបរិយាកាសប្រកបដោយសេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព សុមង្គល និងទទួលបាននូវសិទ្ធិពេញរបស់ពួកគេ ឯកឧត្តម អ៊ុំ សុផាន់ណារ៉ា អគ្គនាយកសេវាសង្គមកិច្ច បានផ្តល់ការណែនាំ ដើម្បីជំរុញឱ្យមានស្មារតីរួបរួមគ្នា ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីដើម្បីលើកកម្ពស់សុខុមាល ភាពកុមារ និងកិច្ចការពារកុមារជាពិសេសពង្រឹងកិច្ចសហការរវាងអ្នកពាក់ព័ន្ធ ដែលជាយន្តការនៃប្រព័ន្ធកិច្ចការពារកុមារ ដើម្បីធានានូវវិធានការទាន់ពេលវេលាចំពោះសកម្មភាពដែលប៉ះពាល់ដល់កុមារ។
ការលើកកម្ពស់ការអនុវត្តកម្មវិធីថែទាំកុមារនៅតាមគ្រួសារ តាមរយៈការរក្សាកុមារនៅក្នុងគ្រួសារកំណើត ការថែទាំកុមារដោយសាច់ញាតិ ការថែទាំដោយគ្រួសារ និងការទុកដាក់អចិន្ត្រៃយ៍ហើយការថែទាំកុមារនៅក្នុងមណ្ឌលថែទាំ ជាជម្រើសចុងក្រោយ និងបណ្តោះអាសន្ន។ សូមអង្គការមិនមែនរដ្ឋាភិបាល និងសមាគមដែលផ្តល់សេវាថែទាំជំនួសចំពោះ កុមារទាំងអស់ពង្រឹងការអនុវត្តគម្រោងកម្មវិធី ឱ្យស្របតាមគោលនយោបាយនិងបទដ្ឋានអប្បបរមាសម្រាប់ការថែទាំជំនួសចំពោះកុមាររបស់ក្រសួង ជាពិសេសមណ្ឌលថែទាំកុមារត្រូវមកចុះបញ្ជីស្នើសុំការទទួលស្គាល់ពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្របតាមខ្លឹមសារ នៃអនុក្រឹត្យលេខ១១៩ ស្តីពីការគ្រប់គ្រងមណ្ឌលថែទាំកុមារ ហើយរាល់ការនាំកុមារចូលមករស់នៅក្នុងមណ្ឌលថែទាំ ត្រូវអនុវត្តតាមនីតិវីធីដែលមានជាធរមាន។
សូមលោក លោកស្រីប្រធាន និងបុគ្គលិកមណ្ឌលថែទាំកុមាររបស់រដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាល យកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាល ចែករំលែកបន្តដល់គណៈគ្រប់គ្រងបុគ្គលិក និងអ្នកថែទាំកុមារទាំងអស់ឱ្យបានយល់ដឹងអំពីខ្លឹមសារនៃបទដ្ឋានអប្បបរមាសម្រាប់ការថែទាំជំនួសនេះ ដើម្បីធានាប្រសិទ្ធភាពនៃការផ្តល់សេវាថែទាំកុមារឱ្យកាន់តែប្រសើរតាមស្ថាប័នរៀងៗ ខ្លួន។ ចុងក្រោយឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ក្រោយពីវគ្គបណ្តុះបណ្តាលនេះ មណ្ឌលថែទាំកុមារណាដែលអនុវត្តក្រោមបទដ្ឋានអប្បបរមា ត្រូវខិតខំប្រឹងប្រែងកែលម្អឱ្យស្របតាមបទដ្ឋាន ហើយមណ្ឌលថែទាំដែលបានអនុវត្តស្របតាមបទដ្ឋានអប្បបរមា ត្រូវខិតខំប្រឹងប្រែងឱ្យកាន់តែល្អបន្តទៀត និងក្លាយជាមណ្ឌលថែទាំគំរូសម្រាប់មណ្ឌលថែទាំកុមារផ្សេងៗទៀត ។

មកដល់ឱកាសនេះនាយកដ្ឋានកិច្ចការពារកុមារ នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច បានរៀបចំវគ្គបណ្តុះបណ្ដាលនេះសរុបចំនួន ៤លើក ដែលមានសមាសភាពចូលរួមពីមន្រ្តីបង្គោលទទួលបន្ទុកការងារកុមារ នៃមន្ទីរសង្គមកិច្ច (ស.អ.យ.) រាជធានី ខេត្ត និងតំណាងទីចាត់ការអន្តរវិស័យនៃរដ្ឋបាលរាជធានី ខេត្ត ប្រធានមជ្ឈមណ្ឌលកុមារកំព្រារដ្ឋរាជធានី ខេត្ត និងប្រធានមណ្ឌលថែទាំកុមារ ប្រធានកម្មវិធីកន្លែងថែទាំ និងការថែទាំក្នុងគ្រួសារតាមសហគមន៍របស់សមាគម និងអង្គការដៃគូទូទាំងប្រទេស ដែលមានអ្នកចូលរួមសរុបចំនួន ៣២១ នាក់ ស្រី ១២៧រូប ៕
ដោយ៖ ណយ នឿន (ប្រភព៖ក្រសួងសង្គមកិច្ច)





