ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី លើកទី១១
AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ នឹងអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី លើកទី១១ នៅវិទ្យាស្ថានជាតិអប់រំ។

ពិធីសំណេះសំណាលរបស់នាយករដ្ឋមន្ត្រីជាមួយអាចារ្យ អាចារិនីនេះ កើតឡើងបន្ទាប់ពីមានវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ដែលដឹកនាំនិងគ្រប់គ្រងដោយក្រសួងធម្មការ និងសាសនា ដែលបានបដិសន្ធិឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីឆ្នាំ២០០៩ ដោយពេលនោះ សម្តេចតេជោ បានមើលឃើញការរៀបចំពិធីអាពាហ៍ពិពាហ៍ និង ពិធីបុណ្យទានផ្សេងៗ ខុសៗគ្នា របស់អាចារ្យដែលជាអ្នកដឹកនាំកម្មវិធី បង្កើតឱ្យមានការជជែកវែកញែករកខុសរកត្រូវ មិនដាច់ស្រេច។
សម្តេចតេជោ យល់ថា នេះជាវិបត្តិអាចារ្យខ្មែរ ហើយនឹងក្លាយជាវិបត្តិកាន់តែធ្ងន់ធ្ងរ ប្រសិនបើមិនគិតគូរទប់ស្កាត់ទាន់ពេលវេលា។ ហេតុនេះ ទើបនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៩ សម្តេចតេជោ បានផ្តល់អនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ដល់ក្រសួងធម្មការនិងសាសនា ដើម្បីបង្កើតជាវគ្គបណ្តុះបណ្តាលតម្រង់ទិសអាចារ្យទូទាំងប្រទេស ឱ្យមានការឯកភាពគ្នា យោគយល់គ្នាលើការដឹកនាំពិធីកម្មសាសនា និងពិធីមង្គលនានា ធ្វើយ៉ាងណាកុំឱ្យមានវិបត្តិអាចារ្យកើតឡើង។
បន្ទាប់ពីទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ក្រសួងធម្មការនិងសាសនា បានខិតខំស្វែងរកធនធានចាស់ព្រឹទ្ធាចារ្យ និងលោកអាចារ្យដែលមានចំណេះដឹង អាចចងចាំច្បាស់លាស់នូវពិធីកម្ម ចេះចាំទំនៀមស្រុកទេស ដែលមានសមត្ថភាពជំនាញខ្ពស់ មានបទពិសោធយូរឆ្នាំដើម្បីប្រជុំរៀបចំពិគ្រោះយោបល់ ពិភាក្សាអំពីការបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ នេះឡើង ដែលអាចផ្តល់ឱកាសឱ្យ អាចារ្យ អាចារិនីទូទាំងប្រទេស បានចូលរួមសិក្សាឈ្វេងយល់ ផ្លាស់ប្តូរចំណេះដឹង ចំណេះធ្វើ និងបទពិសោធគ្នាទៅ វិញទៅមកលើទម្រង់ពិធីកម្មផ្សេងៗ ដែលមាននៅតាមមូលដ្ឋានភូមិស្រុក ក្នុងព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ គង់ សិរីរ័ត្ន





