អភិបាលស្រុកស្ទោងចុះសួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅឃុំពពក
AKP កំពង់ធំ ថ្ងៃទី១៨ ខែសីហា ឆ្មាំ២០២៦--ដោយអនុវត្តតាមអនុសាសន៍ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ លើសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានកាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ លោក សាយ គឹមឡម អភិបាល នៃគណៈអភិបាលស្រុកស្ទោងបានបន្តដឹកនាំក្រុមការងារអាជ្ញាធរមូលដ្ឋាន ចុះជួបសំណេះសំណាល សួរសុខទុក្ខនិងពាំនាំនូវអំណោយជាគ្រឿងឧបភោគបរិភោគចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅឃុំពពកស្រុកស្ទោងខេត្តកំពង់ធំ។

នៅក្នុងឱកាសនោះ លោកអភិបាលស្រុក បានសម្តែងនូវក្ដីបារម្ភ និងសេចក្ដីនឹករលឹកយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋ ពិសេសគ្រួសារដែលមានជីវភាពខ្វះខាត ចាស់ជរា និងជនងាយរងគ្រោះនិងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងរាជរដ្ឋាភិបាល ជានិច្ចកាលតែងតែគិតគូរ និងនៅក្បែរប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ដោយអាជ្ញាធរមិនបានដឹងនោះឡើយ។

លោក សាយ គឹមឡម បានណែនាំ និងផ្តាំផ្ញើដល់អាជ្ញាធរឃុំ/ភូមិ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវ យកចិត្តទុកដាក់ជាប្រចាំ ត្រូវចុះតាមដាន ក្តាប់សភាពការណ៍ និងស្រាវជ្រាវមើលសុខទុក្ខ ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានជាប់លាប់ហើយឆ្លើយតបឆាប់រហ័ស នៅពេលជួបប្រជាពលរដ្ឋមានទុក្ខលំបាក ឬជួបបញ្ហាប្រឈមផ្សេងៗ ត្រូវប្រញាប់ប្រញាល់ចុះជួយអន្តរាគមន៍ និងដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា និងបំផុសស្មារតីបង្ការជំងឺគ្រុនឈាម ដោយសារបច្ចុប្បន្នជារដូវភ្លៀងធ្លាក់ ដែលធ្វើឱ្យមានការកើនឡើងនូវភ្នាក់ងារចម្លងជំងឺ។លោកបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ ជំងឺគ្រុនឈាម ដែលកំពុងតែផ្ទុះ និងរាតត្បាត។
ជាមួយគ្នានេះដែរ លោកសាយ គឹមឡម អភិបាលស្រុកស្ទោងបានអំពាវនាវ និងអប់រំណែនាំដល់ប្រជាពលរដ្ឋទាំងអស់ឱ្យប្រុងប្រយ័ត្នខ្ពស់ និងរួមគ្នាធ្វើអនាម័យជុំវិញផ្ទះប្រមូលឬកម្ទេចចោលនូវសម្ភារៈដក់ទឹក ដូចជា សំបកកង់ឡាន កំប៉ុង ត្រឡោកដូង ឬដបចាស់ៗ ដែលជាកន្លែងកកើតដង្កូវទឹក និងមូសខ្លា ហើយក្នុងករណីមានសមាជិកគ្រួសារ ឬកូនចៅ មានអាការៈក្ដៅខ្លួនខ្លាំងខុសធម្មតា ត្រូវប្រញាប់បញ្ជូនទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលជិតបំផុតជាបន្ទាន់ ហាមដាច់ខាតមិនត្រូវផ្សំថ្នាំលេបដោយខ្លួនឯង ។

សូមបញ្ជាក់ថា ការចុះជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងនៅក្នុងឱកាសនេះមានចំនួន ២២គ្រួសារ ដោយក្នុង១គ្រួសារៗទទួលបាននូវ គ្រឿងឧបភោគបរិភោគ និងសម្លៀកបំពាក់មួយចំនួន ដែលជាអំណោយរបស់ឯកឧត្តម ចាន់ យុទ្ធថា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំពពក និងឃុំប្រឡាយ៕
ដោយ ស៊ុម វណ្ណា





