គណៈប្រតិភូជាន់ខ្ពស់កម្ពុជា និងសហភាពអឺរ៉ុបទៅទស្សនាសត្វផ្សោតទន្លេមេគង្គ នៅអន្លង់ផ្សោតកាំពីខេត្តក្រចេះ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម អ៊ីហ្គ័រ ឌ្រីសម៉ាន់ (Igor DRIESMANS) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា-សហភាពអឺរ៉ុប (EU)ទៅទស្សនាសត្វផ្សោតទន្លេមេគង្គ នៅអន្លង់ផ្សោតកាំពី ខេត្តក្រចេះ។

គួរបញ្ជាក់ផងដែរថា ក្រោមការគាំទ្រពីប្រទេសបែលហ្ស៊ិក ក្រុមអឺរ៉ុប និងដៃគូអភិវឌ្ឍន៍ដទៃទៀត អគ្គនាយកដ្ឋានជលផល និងអង្គការ WWF បានរួមគ្នាគ្រប់គ្រង ការពារ និងអភិរក្សធនធានដ៏កម្រ ដែលជា «រតនសម្បត្តិជាតិ» នេះ។ កិច្ចខិតខំប្រឹងប្រែងនេះ គឺសំដៅរក្សាឱ្យបាននូវតុល្យភាពរវាងការអភិរក្ស និងការលើកស្ទួយជីវភាពប្រជានេសាទនៅមូលដ្ឋាន តាមរយៈការគាំទ្របង្កើតប្រភពចំណូលថ្មីៗ។

ការជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ គឺដើម្បីកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើផលនេសាទ ព្រមទាំងលើកទឹកចិត្តសហគមន៍ឱ្យចូលរួមអភិរក្ស និងការទប់ស្កាត់បទល្មើសជលផល ដែលរួមចំណែកកាត់បន្ថយសម្ពាធដល់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព៕


ដោយ មករា





