រដ្ឋបាលស្រុកព្រៃកប្បាសដាំដើមឈើ ២៣០ដើមនៅតាមបណ្ដោយផ្លូវខេត្តលេខ១២៩
AKP តាកែវ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦--លោក អ៊ិត សារ ប្រធានក្រុមប្រឹក្សាស្រុកព្រៃកប្បាស និងលោក គិន ភក្ដី អភិបាលនៃគណៈអភិបាលស្រុកព្រៃកប្បាស បានអញ្ជើញដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរឃុំ-ភូមិ យុវជនស.ស.យ.ក យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមយុទ្ធនាការដាំដើមឈើអមសងខាងផ្លូវ ដោយបានធ្វើការដាំដើមក្ងោកចំនួន១៣០ដើម និងដើមសាគូរ៉ាចំនួន១០០ដើម។យុទ្ធនាការដាំដើមឈើនេះ ធ្វើឡើងនៅតាមបណ្ដោយផ្លូវខេត្តលេខ១២៩ ស្ថិតនៅក្នុងឃុំព្រៃល្វាស្រុកព្រៃកប្បាសខេត្តតាកែវ កាលពីព្រឹកថ្ងៃច័ន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦។
លោក គិន ភក្ដី អភិបាលនៃគណៈអភិបាលស្រុកព្រៃកប្បាស បានមានប្រសាសន៍ថា សកម្មភាពនេះរៀបចំឡើងក្នុងគោលបំណង ចូលរួមចំណែកពង្រីកគម្របបៃតងក្នុងមូលដ្ឋានស្រុក លើកកម្ពស់សោភ័ណភាព បង្កើតបរិយាកាសស្រស់ស្អាត និងបរិសុទ្ធនៅតាមទីសាធារណៈ។ម្យ៉ាងទៀតគឺដើម្បីបំផុសស្មារតីរួមគ្នាស្រឡាញ់ធម្មជាតិ ជំរុញទឹកចិត្តដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋ ឱ្យចូលរួមសកម្មភាពដាំដើមឈើ ថែរក្សា និងការពារធនធានធម្មជាតិ ដើម្បីកសាងមូលដ្ឋានឱ្យកាន់តែមានសោភ័ណភាព និងបរិស្ថានល្អប្រសើរ។
លោកអភិបាលស្រុកព្រៃកប្បាស ក៏បានអំពាវនាវយ៉ាងទទូច ដល់មន្ត្រីរាជការ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់ចូលរួមថែទាំ និងការពារដើមឈើដែលបានដាំទាំងនេះ ឱ្យអស់ពីលទ្ធភាព ដើម្បីធានាថា ដើមឈើអាចលូតលាស់បានល្អ និងផ្តល់ប្រយោជន៍ដល់សហគមន៍នាពេលអនាគត។
លោក គិន ភក្ដី បានមានប្រសាសន៍បន្ថែមថា ការដាំដើមឈើពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការរួមចំណែកការពារបរិស្ថាន កាត់បន្ថយផលប៉ះពាល់ពីគ្រោះធម្មជាតិ ដូចជាខ្យល់ព្យុះ ទឹកជំនន់ និងការបាក់ស្រុតដី។ព្រមទាំងផ្ដល់នូវអនុផលព្រៃឈើ សម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។ការរួមគ្នាដាំដើមឈើនៅតាមលំនៅដ្ឋាន តាមដងផ្លូវសាធារណៈ និងតាមរមណីយដ្ឋានក្នុងស្រុកនឹងប្រែក្លាយភូមិ-ឃុំ-ស្រុករបស់យើង ទៅជាតំបន់ទេសចរណ៍ ដែលមានសោភណភាពបៃតងស្រស់បំព្រង លម្អដោយផ្ការីកស្គុះស្គាយគ្រប់រដូវ។កត្តានេះអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនាកម្សាន្តកាន់តែច្រើនឡើងថែមទៀត៕

ដោយ អ៊ុច សៀង





