អង្គការ World Vision ចែករំលែកចំណេះដឹងដល់ក្រុមការងារអ៊ីមផេកហាប់ភ្នំពេញ ដែលជាអ្នកបង្កើតការផ្លាស់ប្រែជាវិជ្ជមាន
AKP ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦--អង្គការទស្សនៈពិភពលោក ប្រចាំនៅកម្ពុជា World Vision មានកិត្តិយសដែលបានទទួលស្វាគមន៍ និងចែករំលែកចំណេះដឹង ផ្នែកសុខភាព ដល់ក្រុមការងារអ៊ីមផេកហាប់ភ្នំពេញ ក្រសួងកិច្ចការនារី និងក្រុមក្មេងស្រី និងស្រ្តីវ័យក្មេង ដែលជាអ្នកបង្កើតការផ្លាស់ប្រែជាវិជ្ជមាន ក្នុងដំណើរទស្សនកិច្ចសិក្សានៅការិយាល័យថ្នាក់ជាតិ ក្រោមកម្មវិធី «Changemakers Program 2026»។ នេះបើតាមការឱ្យដឹងពីអង្គការ World Vision នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ។

ការចែករំលែកចំណេះដឹងនេះ ដឹកនាំដោយ លោកស្រី ឡាយ សំបូរ អ្នកជំនាញផ្នែកសុខភាព និងអាហារូបត្ថម្ភរបស់អង្គការ World Vision ដោយបានចែករំលែកចំណេះដឹងអំពីការអនុវត្តន៍គម្រោងជាក់ស្ដែង ដើម្បីជាគំនិត និងតម្រង់ទិសដល់យុវជនជំនាន់ក្រោយ ក្នុងការរៀបចំ និងអនុវត្តគម្រោងសង្គមក្នុងសហគមន៍របស់ពួកគាត់ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប រតនគិរី និងស្ទឹងត្រែង។ នៅពេលដែលយុវជន ជាពិសេសក្មេងស្រី និងស្រ្តីវ័យក្មេងទទួលបាននូវចំណេះដឹង និងការជ្រោមជ្រែង នោះសហគមន៍ទាំងមូលនឹងរីកចម្រើនប្រកបដោយបរិយាបន្ន។

អង្គការ World Vision សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូទាំងអស់ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការលើកកម្ពស់គំនិតច្នៃប្រឌិតរបស់យុវជន និងការងារសុខភាពក្នុងសហគមន៍ ៕
ដោយ ណយ នឿន (ប្រភព៖WorldVision)





