ភូមិមូលល្វា ខេត្តសៀមរាប មានអាយុកាលជាង២០០០ឆ្នាំ មានស្លាកស្នាមទេសភាពបុរាណដែលនៅរស់រវើកដល់សព្វថ្ងៃ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦--
បើមើលរូបភាពលើអាកាស ភូមិល្វា ឃុំល្វា នៅស្រុកពួក ខេត្តសៀមរាប បង្ហាញទម្រង់ដ៏គួរឱ្យចាប់អារម្មណ៍មួយ ដោយមានលំនៅឋានប្រមូលផ្តុំនៅលើទួលកណ្ដាល ខណៈជុំវិញភូមិជាវាលស្រែ តំបន់ទាប និងស្នាមទម្រង់ជារង្វង់ ដែលនៅតែអាចមើលឃើញក្នុងទេសភាពបច្ចុប្បន្ន។

ឯកឧត្តម បណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ថា ទម្រង់ «ភូមិមូល» នេះមិនមែនជាលក្ខណៈទេសភាពធម្មតាទេ។ ការសិក្សាបុរាណវត្ថុវិទ្យានៅស្ថានីយល្វា (Lovea) បានបង្ហាញថា ទីនេះជាស្ថានីយលំនៅឋានបុរាណដ៏សំខាន់មួយ ដែលមានទំនប់ដី និងគូទឹកព័ទ្ធជុំវិញ។ ការធ្វើកំណាយបុរាណវិទ្យា រួមជាមួយការស្ទង់ដោយបច្ចេកវិទ្យា LiDAR បានបញ្ជាក់ថា ទំនប់ និងគូទឹកទាំងនេះត្រូវបានមនុស្សកសាង មិនមែនកើតឡើងដោយធម្មជាតិឡើយ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះ គឺអ្នកស្រាវជ្រាវបានស្នើថា គូទឹក និងទំនប់ទាំងនេះទំនងជាមិនត្រូវបានបង្កើតឡើងជាចម្បងសម្រាប់ការពារភូមិនោះទេ ប៉ុន្តែមានតួនាទីក្នុង ការរក្សា និងគ្រប់គ្រងទឹក។ វាអាចជាភស្តុតាងមួយនៃយុទ្ធសាស្ត្រគ្រប់គ្រងធនធានទឹករបស់សហគមន៍បុរាណ នៅតំបន់អង្គរ មុនពេលប្រព័ន្ធធារាសាស្ត្រវិវត្តទៅជាបណ្ដាញដ៏ធំ និងស្មុគស្មាញនៅសម័យអង្គរ។ ទេសភាពបច្ចុប្បន្ននៅភូមិមូលល្វា គឺជាទេសភាពដែលមនុស្សបានរស់នៅប្រើប្រាស់ កែប្រែ និងបន្តទទួលមរតកពីអតីតកាលរហូតមកដល់សព្វថ្ងៃ៕
ដោយ ណយ នឿន





