ដំណើរការសាងសង់អគាររដ្ឋបាលថ្មីសាលាខេត្តព្រះសីហនុ សម្រេចបានជាង ៩០ភាគរយ
AKP ព្រះសីហនុ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦--នាព្រឹកថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូប នីយកម្ម និងសំណង់ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំ និងចុះត្រួតពិនិត្យវឌ្ឍនភាព នៃការសាងសង់អគាររដ្ឋបាលថ្មីសាលាខេត្តព្រះសីហនុ។

នាឱកាសនោះ ឯកឧត្តម លី រស្មី និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់អគាររដ្ឋបាលថ្មី សាលាខេត្តព្រះសីហនុ ព្រមទាំងបានធ្វើការកែសម្រួលនូវចំណុចខ្វះខាតមួយចំនួនបន្ថែមទៀត ស្របតាមលក្ខណៈបច្ចេកទេស ដើម្បីធានាគុណភាព សោភណភាព និងបរិស្ថានស័ក្តិសមជាកន្លែងធ្វើការងារប្រកបដោយផាសុកភាព ហើយក៏ជាអគារថ្មីទំនើបដែលជាសមិទ្ធផលថ្មីបន្ថែមទៀតនៅលើទឹកដីតំបន់ឆ្នេរខេត្តព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំដោយលើកឡើងពីវឌ្ឍនភាពនៃការសាងសង់អគាររដ្ឋបាលថ្មីសាលាខេត្តព្រះសីហនុ ដែលមកដល់ពេលនេះដំណើការសាង សង់សម្រេចបានប្រមាណជាង ៩០ភាគរយ ព្រមទាំងជំរុញឱ្យក្រុមហ៊ុនសាងសង់ពន្លឿនបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាការសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋបាលខេត្តសាងសង់បានលឿនតាមការគ្រោងទុកក្នុងការធានាបរិមាណ គុណភាព និងសោភណភាព។

តាមតំណាងក្រុមហ៊ុនមហានគរ បានឱ្យដឹងថា ដំណើរការសាងសង់អគាររដ្ឋបាលថ្មីសាលាខេត្តព្រះសីហនុ មកដល់ថ្ងៃទី១៧ ខែសីហា សម្រេចបានជាង ៩០ភាគរយ ហើយនៅដើមខែកញ្ញាអាចដំណើការបំពាក់នូវគ្រឿងសង្ហារិម។
សូមរម្លឹកថា អគាររដ្ឋបាលថ្មីសាលាខេត្តព្រះសីហនុ ត្រូវបានធ្វើការសាងសង់តាមរចនាបទខ្មែរ អគាររដ្ឋបាលសាលាខេត្តនេះ បានបញ្ចុះបឋមសាលាសាងសង់កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២៕

ដោយ ងូ សុមុនី





