គណៈប្រតិភូហាម៉ាស់ធ្វើកិច្ចពិភាក្សានៅទីក្រុងគែរ ស្តីពីការអនុលោមតាមផែនទីបង្ហាញផ្លូវរបស់អ៊ីស្រាអែល
AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ -- ក្រុមចលនាតស៊ូអ៊ីស្លាម (ក្រុមហាម៉ាស់) បាននិយាយកាលពីថ្ងៃអាទិត្យថា គណៈប្រតិភូរបស់ខ្លួនកំពុងរៀបចំកិច្ចប្រជុំនៅរដ្ឋធានីគែរ ប្រទេសអេហ្ស៊ីប ដើម្បីធានាបាននូវការអនុលោមរបស់អ៊ីស្រាអែលជាមួយនឹងផែនទីបង្ហាញផ្លូវដែលបានព្រមព្រៀងជាមួយ «ក្រុមប្រឹក្សាសន្តិភាព» ដែលដឹកនាំដោយសហរដ្ឋអាមេរិក។
អ្នកនាំពាក្យក្រុមហាម៉ាស់ លោក ហាហ្សេម កាសសេម (Hazem Qassem) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍សារព័ត៌មានមួយថា កិច្ចប្រជុំទាំងនេះគឺជាផ្នែកមួយនៃ «ទំនាក់ទំនង និងកិច្ចខិតខំប្រឹងប្រែងការទូតជាបន្តបន្ទាប់របស់ចលនាជាមួយអ្នកសម្របសម្រួល ដើម្បីជូនដំណឹងដល់ពួកគេអំពីការរំលោភបំពានរបស់អ៊ីស្រាអែល»។ លោក កាសសេម មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីដំណើរទស្សនកិច្ចនេះទេ។
ប្រភពមួយនៅក្នុងក្រុមហាម៉ាស់បានប្រាប់សារព័ត៌មានស៊ីនហួថា គណៈប្រតិភូមួយក្រុមដឹកនាំដោយ លោក ខាលអ៊ីល អាល់ ហាយយ៉ា (Khalil al-Hayya) បានមកដល់ទីក្រុងគែរ កាលពីចុងថ្ងៃសៅរ៍ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកចាប់តាំងពីឡើងកាន់តំណែងជាប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស់នៅក្នុងខែកក្កដា។
ប្រភពនេះបាននិយាយថា គណៈប្រតិភូនេះត្រូវបានគេរំពឹងថានឹងជួបជាមួយប្រធានចារកម្មអេហ្ស៊ីប លោក ហាស់សាន រ៉ាសាដ (Hassan Rashad) ដើម្បីពិភាក្សាអំពីការវិវឌ្ឍទាក់ទងនឹងបញ្ហាប៉ាឡេស្ទីន និងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងកិច្ចព្រមព្រៀងឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សា។
ដំណើរទស្សនកិច្ចនេះកើតឡើង ខណៈដែលអ្នកសម្របសម្រួលមកពីប្រទេសអេហ្ស៊ីប តួកគី និងកាតា បន្តកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងកិច្ចព្រមព្រៀងឈប់បាញ់ក្នុងចំណោមការមិនចុះសម្រុងគ្នាលើការអនុវត្តដំណាក់កាលបន្ទាប់របស់ខ្លួន។
កាលពីដើមខែនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានបដិសេធជាផ្លូវការនូវផែនការ ១៥ចំណុចដែលគាំទ្រដោយសហរដ្ឋអាមេរិក សម្រាប់បញ្ចប់ជម្លោះតំបន់ហ្គាហ្សា ដោយលោកបានទទូចថា អ៊ីស្រាអែលនឹងមិនដកកងកម្លាំងរបស់ខ្លួនចេញពីតំបន់នោះទេរហូតដល់ក្រុមហាម៉ាស់ត្រូវបានដកហូតអាវុធទាំងស្រុង៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





