គម្រោងគជ់ចុះឈ្វេងយល់ និងស្តាប់មតិយោបល់របស់កសិករ ដើម្បីកែលម្អសកម្មភាពរបស់គម្រោង ក្នុងខេត្តចំនួន៣
AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦-- ក្រុមការងាររបស់គម្រោងគជ់មកពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិពីអគ្គនាយកដ្ឋានក្សេត្រសាស្ត្រនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងពីអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថាន បានធ្វើដំណើរទៅកាន់ខេត្តគោលដៅចំនួន៣ គឺខេត្តកំពង់ធំ ព្រះវិហារ និងខេត្តសៀមរាប របស់គម្រោងគជ់ ដើម្បីពិនិត្យមើលសកម្មភាពគម្រោង និងជួបដោយផ្ទាល់ជាមួយកសិករ និងសមាជិកសហគមន៍។

ប្រភពពីគម្រោងគជ់បានឱ្យដឹងនៅ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ថា ថ្មីៗនេះ ក្រោមការដឹកនាំរបស់អ្នកស្រី Silke Pietzsch ទីប្រឹក្សាថ្នាក់តំបន់សម្រាប់ការវាយតម្លៃភាពងាយរងគ្រោះ និងការត្រួតពិនិត្យ និងវាយតម្លៃ ក្រុមការងារបានចុះពិនិត្យស្ថានីយត្រួតពិនិត្យអាកាសធាតុ សាលារៀនស្រែ និងចម្ការកសិករ ស្រែឬចម្ការបង្ហាញ ទីធ្លាសម្ងួត ផ្ទះសំណាញ់ ទីតាំងស្តារព្រៃឈើ និងសកម្មភាពផ្សេងទៀតដែលគាំទ្រដោយគម្រោងនៅក្នុងខេត្តកំពង់ធំ ព្រះវិហារ និងសៀមរាប និងបន្ទាប់ ខេត្តឧត្តរមានជ័យ គ្រោងជាគោលដៅសម្រាប់បេសកកម្មនៅថ្ងៃខាងមុខ។ ក្រុមការងារក៏បានជួបជាមួយសហគមន៍កសិកម្ម សហគមន៍ព្រៃឈើ សហគមន៍តំបន់ការពារធម្មជាតិ ស្ត្រី យុវជន និងសហគមន៍ជនជាតិដើមភាគតិច ដើម្បីស្តាប់ពីបទពិសោធន៍របស់ពួកគេ កំណត់បញ្ហាប្រឈម និងផ្ទៀងផ្ទាត់លទ្ធផលគម្រោង។

ការចុះទៅពិនិត្យផ្ទាល់ និងជួបផ្ទាល់ជាមួយសហគមន៍បែបនេះ មានសារៈសំខាន់ណាស់សម្រាប់គម្រោង ព្រោះជួយធានាថាការគាំទ្ររបស់គម្រោងទៅដល់កសិករ បានប្រព្រឹត្តទៅតាមផែនការ និងឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់កសិករ។ យោបល់ត្រឡប់ដែលប្រមូលបានពីសហគមន៍នឹងជួយកែលម្អសកម្មភាពទាក់ទងនឹងសេវាកម្មព័ត៌មានអាកាសធាតុ ការអនុវត្តការងារកសិកម្មឆ្លាតវៃនឹងអាកាសធាតុ ការលក់ដូរកសិផល ការអភិវឌ្ឍអាជីវកម្ម និងការអភិរក្សជីវៈចម្រុះ។

តាមរយៈការត្រួតពិនិត្យតាមដានជាប្រចាំ និងការចុះជួបផ្ទាល់ជាមួយសហគមន៍ គម្រោងគជ់ ដែលគាំទ្រដោយមូលនិធិអាកាសធាតុបៃតង និងអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ កំពុងបន្តជួយកសិករដែលមានទំហំផលិតកម្មតូច ក្នុងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីកែលម្អជីវភាពរស់នៅរបស់ពួកគេ និងការពារធនធានធម្មជាតិសម្រាប់អនាគត៕

ដោយ ណយ នឿន (ប្រភព៖ គម្រោងគជ់)





