ឯកឧត្តម ចាន់ យុត្ថា អញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យទីតាំងអាងទឹកជាក់ស្តែងចំនួន៣កន្លែង
AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦-- ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យទីតាំងជាក់ស្តែងនៃអាងទឹកចំនួន៣កន្លែង ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

ឯកឧត្ដមរដ្ឋលេខាធិការ និងក្រុមការងារបច្ចេកទេស បានចុះពិនិត្យជាក់ស្ដែងនៅអាងទឹកចំនួន ៣កន្លែង រួមមាន អាងទឹកទំនប់តាឆាយ អាងទឹកគ្រុឌ និងអាងទឹកស្ទឹង ស្ថិតក្នុងភូមិសាស្ត្រស្រុកស្វាយចេក និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមសហការពីប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ ព្រមទាំងអាជ្ញាធរមូលដ្ឋាន។

ឯកឧត្ដមមានប្រសាសន៍បញ្ជាក់ថា ការចុះពិនិត្យទីតាំងជាក់ស្តែងនាពេលនេះធ្វើឡើងក្នុងគោលបំណងរៀបចំផែនការកែលម្អ និងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រមួយចំនួនក្នុងដំណាក់កាលដំបូង ដើម្បីបំពេញបន្ថែមឱ្យគ្រប់ចំនួន១០អាងទឹក ព្រមទាំងរៀបចំប្រព័ន្ធស្រោចស្រពឱ្យបានពេញលេញ សម្រាប់បម្រើដល់ការបង្កបង្កើនផលកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





