កម្ពស់ទឹកខ្ពស់បន្តិចធ្វើឱ្យសត្វទុងប្រផេះ និងសត្វស្លាប់ផ្សេងៗទៀតនៅបឹងព្រែកល្ពៅ ចាប់ផ្តើមកើនឡើង
AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦-- កម្ពស់ទឹកនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ កំពុងចាប់ផ្តើមកើនឡើង ដែលបានទាក់ទាញ សត្វទុងប្រផេះ (Spot-billed Pelican) និងសត្វស្លាបទឹកជាច្រើនប្រភេទផ្សេងទៀតឱ្យត្រឡប់មកវិញ។ តំបន់សំបុកពងកូនរបស់សត្វស្លាបដែលមានទីតាំងចំកណ្តាលនៃតំបន់ស្នូលរបស់តំបន់ដែលស្នើសុំចុះបញ្ជីជាតំបន់រ៉ាមសារ (Ramsar) នេះជាថ្មីម្តងទៀតបានក្លាយជាទីជម្រកដ៏សំខាន់សំរាប់ស្លាបទឹករាប់ពាន់ក្បាល។

លោក ឈឿន សុជាតិ មន្ត្រីឧទ្យានុរក្សបានឱ្យដឹងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ អង្គការជីវិតធម្មជាតិនៅកម្ពុជា NatureLife កំពុងគាំទ្រមន្ត្រីឧទ្យានុរក្ស និងក្រុមការងារតាមដាននៅទីវាល ដើម្បីតាមដានជាប្រចាំនូវចំនួនសត្វស្លាបទឹក វត្តមាន និងការគំរាមកំហែងសំខាន់ៗ។ ការគំរាមកំហែងដ៏ចម្បងមួយចំពោះបឹងព្រែកល្ពៅ គឺការរំលោភទន្ទ្រានយកដីខុសច្បាប់។

ដើម្បីធានាថាតម្លៃអេកូឡូស៊ីដ៏ពិសេសរបស់បឹងព្រែកល្ពៅក្នុងខេត្តតាកែវ ត្រូវបានការពារសម្រាប់មនុស្សជំនាន់ក្រោយ អង្គការនៅកម្ពុជា NatureLife យើងសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ចូលរួមសហការជាមួយក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តតាកែវ ដើម្បីរួមគ្នាការពារតំបន់ស្នូលដែលនៅសេសសល់នៃបឹងព្រែកល្ពៅ៕

ដោយ ណយ នឿន (ប្រភព៖ NatureLife)





