កម្ពុជាកំពុងបោះជំហានឆ្ពោះទៅកាន់កម្មវិធីផ្តល់អាហារតាមសាលារៀនដែលកាន់តែរឹងមាំ និងមានការគ្រប់គ្រងផ្ទាល់ដោយថ្នាក់ជាតិ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦--មន្ត្រីកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានឱ្យដឹងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ថា កម្ពុជាកំពុងបោះជំហានឆ្ពោះទៅកាន់កម្មវិធីផ្តល់អាហារតាមសាលារៀនដែលកាន់តែរឹងមាំ និងមានការគ្រប់គ្រងផ្ទាល់ដោយថ្នាក់ជាតិ បន្តពីការចូលរួមយ៉ាងសកម្មនាពេលថ្មីៗនេះរបស់កម្ពុជា ជាមួយសម្ព័ន្ធភាពប្រឆាំងនឹងភាពអត់ឃ្លាន និងភាពក្រីក្រជាសកល ក្រសួង-ស្ថាប័នរដ្ឋ និងដៃគូអភិវឌ្ឍន៍នានា បានជួបជុំគ្នាក្នុងជំនួបពិគ្រោះយោបល់អន្តរក្រសួង និងពហុវិស័យជាលើកទី២ ដើម្បីជម្រុញគំនិតផ្តួចផ្តើមដ៏សំខាន់មួយទៀតអំពី School Meals Accelerator (SMA)។

កិច្ចពិគ្រោះយោបល់នេះបានកៀរគរអ្នកជំនាញមកពីវិស័យអប់រំ កសិកម្ម សុខាភិបាល អាហារូបត្ថម្ភ និងគាំពារសង្គម ដើម្បីពិនិត្យនឹងផ្ទៀងផ្ទាត់អាទិភាពជាតិ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវពាក្យស្នើសុំទៅកាន់ SMA របស់កម្ពុជា។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ នឹងជួយពង្រឹងដល់ «កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍» និងពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកប្រព័ន្ធអាហារតាមសាលារៀនប្រកបដោយចីរភាព ដែលជួយលើកកម្ពស់អាហារូបត្ថម្ភ និងការសិក្សារបស់កុមារ។

កម្មវិធីស្បៀងអាហារពិភពលោក (WFP) មានមោទនភាពយ៉ាងខ្លាំងក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា តាមរយៈការកៀរគរដៃគូនានា ពង្រឹងកិច្ចសហប្រតិបត្តិការពហុវិស័យ និងគាំទ្រការចូលរួមរបស់កម្ពុជាក្នុងគំនិតផ្តួចផ្តើមសកល ដើម្បីជំរុញដំណោះស្រាយផ្តល់ការគ្រប់គ្រងសម្រាប់ថ្នាក់ជាតិ៕


ដោយ ណយ នឿន (ប្រភព៖ កម្មវិធីស្បៀងអាហារពិភពលោក)





