កងការពារព្រំដែនគោកលេខ៤០៣ យោធភូមិភាគទី៤ ប្រារព្ធពិធីអប់រំចិត្តសាស្រ្ត ជូននាយទាហានក្នុងអង្គភាពចំណុះ
AKP សៀមរាប ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦-- ឯកឧត្តម ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរងយោធភូមិភាគទី៤ ព្រមទាំងក្រុមការងារ បានចុះផ្សព្វផ្សាយអប់រំនយោបាយ ចិត្តសាស្រ្ត ពង្រឹងដល់អង្គភាព និងស្មារតីឆន្ទៈ ជូននាយទាហានចំណុះកងឯកភាព និងកងការពារព្រំដែនគោកលេខ៤០៣ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នាយសេនាធិការរង ក៏បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗមួយចំនួនដែលកើតមានឡើង ដែលកំពុងប្រឈម និងយកចិត្តទុកដាក់ខ្ពស់បំផុត ព្រមទាំងលើកឡើងពីគោលជំហររបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែងក្នុងការបង្ហាញដល់ពិភពលោកឱ្យឃើញកាន់តែច្បាស់អំពីការពិតនៃការឈ្លានពានរបស់សៀមមកលើបូរណភាពទឹកដីកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ក៏បានលើកឡើង និងបញ្រ្ជាបខ្លឹមសារ គោលគំនិតយ៉ាងមានសារៈសំខាន់បំផុតជូនដល់នាយទាហាន ទាំងផលប៉ះពាល់ផ្សេងៗដែលតែងតែកើតមានឡើងលើកងទ័ព អង្គភាព និងសេចក្ដីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ។ ទន្ទឹមនឹងនោះ ក៏បានពន្យល់បន្ថែមអំពីតួនាទី ភារកិច្ច ភាពជាអ្នកដឹកនាំ កត្តាជះឥទ្ធិពលផ្សេងៗ និងបញ្ហាសតិអារម្មណ៍ ផលប៉ះពាល់នៃការប្រើប្រាស់លើបណ្ដាញសង្គមដោយមានចរិតលក្ខណៈមិនត្រឹមត្រូវ គ្មានការលាក់ការសម្ងាត់ ញុះញង់ បំផ្លាញកិត្យានុភាព និងសេចក្ដីថ្លៃថ្នូររបស់កងទ័ព។

បន្ថែមពីលើនោះ ឯកឧត្តម ក៏បានសង្ងត់ធ្ងន់ និងនាំពាក្យផ្ដាំផ្ញើរបស់ ឯកឧត្តម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៤ ជូននាយទាហាន ក៏ដូចជាយោធិនទាំងអស់ ឱ្យបានជ្រាបច្បាស់ថា ត្រូវយល់ និងអនុវត្តឱ្យបានដាច់ខាតអំពីច្បាប់លក្ខន្តិកៈ និងបទវិន័យទូទៅនៃកងយោធពលខេមរភូមិន្ទ មិនត្រូវប្រើប្រាស់បណ្ដាញសង្គម ញុះញង់ សំណូមពរ ដោះស្រាយរាល់បញ្ហាផ្សេងៗ ដែលនាំឱ្យខូតខាតបាត់បង់កិត្តិយសបុគ្គល និងអង្គភាព ត្រូវមានសាគ្គីភាព ឯកភាពផ្ទៃក្នុង ពិសេសជឿទុកចិត្តលើថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាងចំពោះមាតុភូមិ និងប្រជាជនកម្ពុជា៕
ដោយ៖ សំ សាម៉ន (ប្រភព៖ កងទ័ពជើងគោក)





