ស្រុកសូនិគមមានសក្ដានុពលទេសចរណ៍សម្បូរបែប និងស័ក្តិសមបំផុតសម្រាប់ការសម្រាកលំហែកាយនារដូវកាលបៃតងនេះ
AKP សៀមរាប ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦--លោក សរ៍ ប៊ុនចំរុង អនុប្រធានសហគមន៍ទេសចរណ៍កំពង់ឃ្លាំងបាននិយាយថា នៅក្នុងសហគមន៍ទេសចរធម្មជាតិកំពង់ឃ្លាំងនៅរដូវវស្សានេះ មានសម្រស់ធម្មជាតិស្រស់ស្អាត និងទាក់ទាញខ្លាំង ដោយសាររដូវនេះជារដូវទឹកឡើង ព្រៃកោងកាង និងភូមិបណ្តែតទឹកប្របមាត់ទឹកគួរឱ្យទាក់ទាញ។

លោកបន្ដថា ទោះជាយ៉ាងណា ដើម្បីធានាបាននូវសុវត្ថិភាព និងចៀសវាងគ្រោះថ្នាក់ផ្សេងៗដែលកើតមានឡើងជាយថាហេតុ អាជ្ញាធរ និងសហគមន៍ទេសចរណ៍ បានណែនាំនូវវិធានការមួយចំនួន ដោយភ្ញៀវទេសចរទាំងអស់ត្រូវពាក់អាវពោងការពារឱ្យបានត្រឹមត្រូវជាដាច់ខាតមុនពេលចុះទូក ឬកាណូតកម្សាន្ដ មិនត្រូវឡើងជិះទូកណាដែលផ្ទុកមនុស្ស ឬអីវ៉ាន់លើសចំណុះកំណត់នោះឡើយ ចៀសវាងការឈរ រត់លេង ឬផ្លាស់ប្តូរកន្លែងអង្គុយភ្លាមៗនៅលើទូក ដែលអាចធ្វើឱ្យទូកបាត់បង់តុល្យភាព ហើយដើម្បីធានានូវការចូលរួមគោរព និងអនុវត្តតាមវិធានការសុវត្ថិភាពខាងលើ មិនត្រឹមតែជួយការពារជីវិត និងទ្រព្យសម្បត្តិរបស់លោកអ្នកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យដំណើរកម្សាន្តនៅតំបន់កំពង់ឃ្លាំង ពោរពេញដោយស្នាមញញឹម និងបទពិសោធន៍ដ៏រីករាយ។

សូមបញ្ជាក់ថា បើតាមលោក តាន់ សុភ័ក្ត្រ អភិបាលរងស្រុកសូទ្រនិគម បានឱ្យដឹងថា ក្រៅពីសហគមន៍ទេសចរណ៍កំពង់ឃ្លាំង ស្រុកសូទ្រនិគមក៏មានទីតាំងទេសចរណ៍ដ៏គួរឱ្យចង់ទស្សនាផងដែរ ដូចជាការជិះកង់កម្សាន្ត និងការដើរលេងតាមខ្សែផ្លូវលំ ផ្លូវបេតុងកាត់តាមវាលស្រែ និងការផ្តិតយករូបភាពថ្ងៃលិចដ៏ស្រស់ស្អាត ខណៈ អាជ្ញាធរក៏បានរៀបចំការផ្សព្វផ្សាយពីវប្បធម៌ និងជីវភាពរស់នៅរបស់ប្រជាសហគមន៍ ដោយអនុញ្ញាតឱ្យភ្ញៀវទេសចរបានឆ្លងកាត់បទពិសោធន៍ផ្ទាល់ជាមួយកសិករក្នុងស្រុក តាមរយៈការធ្វើស្រែចំការ ការនេសាទត្រី និងរបៀបរស់នៅបែបជនបទពិតៗ រួមជាមួយការទស្សនារមណីយដ្ឋាន និងប្រាសាទបុរាណផ្សេងៗក្នុងមូលដ្ឋាន ៕


ដោយ៖ ឃុត សៅ





