មន្ត្រីរាជការខេត្តកំពតជាង១៤០០នាក់បន្ថែមទៀតបានទទួលការបំពាក់មេដាយការងារដែលផ្តល់ដោយរាជរដ្ឋាភិបាល
AKP កំពត ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦--
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការដែលបានបំរើការងារក្នុងខេត្តកំពតប្រមាណជាង១៤០០នាក់បន្ថែមទៀតបានទទួលការបំពាក់មេដាយការងារ ដើម្បីលើកទឹកចិត្ត និងតបស្នងសងគុណចំពោះការបំរើជាតិ បំរើពលរដ្ឋ តាមជំនាញ និងតួនាទីរៀងខ្លួន។ ការផ្តល់ជូននេះគឺជាការគិតគូរយ៉ាងយកចិត្តទុកដាក់ពីសំណាក់ប្រមុខថ្នាក់ដឹកនាំ ដែលជាការដឹងគុណ ក៏ដូចជាជំរុញឱ្យមន្ត្រីរាជការទាំងអស់បន្តខិតខំបំពេញតួនាទីបន្តទៀតដើម្បីបម្រើជាតិ និងប្រជាជនកម្ពុជា។

កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបំពាក់មេដាយការងារជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលស្រុកចំនួន៥ គឺរដ្ឋបាលស្រុកបន្ទាយមាស រដ្ឋបាលស្រុកអង្គរជ័យ រដ្ឋបាលស្រុកឈូក រដ្ឋបាលស្រុកជុំគិរី និងរដ្ឋបាលស្រុកដងទង់ ដែលពិធីនេះធ្វើឡើងនៅសាលសន្និសីទ បូកគោ សាលាខេត្តកំពត។

នាឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ក្រោមកិច្ចចង្អុលការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការលើកទឹកចិត្តដល់មន្ត្រីរាជការដែលបានខិតខំបំពេញតួនាទីភារកិច្ចក្នុងការបំរើជាតិ និងប្រជាជនកន្លងមក ដែលមានរយៈពេលចាប់ពី ១០ឆ្នាំឡើងទៅ ហើយដែលមិនទាន់ទទួលបានមេដាយការងារ រដ្ឋបាលខេត្ត រួមនឹងអាជ្ញាធរពាក់ព័ន្ធបានរៀបចំគោលការណ៍ស្នើសុំមេដាយការងារពីរាជរដ្ឋាភិបាល ដែលក្នុងខេត្តកំពតមានចំនួនសរុប ២ ៣០២នាក់ ក្នុងនោះស្រី ១ ២៥២នាក់ ដែលក្នុងនោះមានមន្ត្រីរាជការក្នុងរដ្ឋបាលក្រុង-ស្រុក មន្ត្រីសុខាភិបាល និងមន្ត្រីអប់រំ។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ថ្ងៃនេះគឺជាមោទនភាពណាស់ដែលមន្ត្រីរាជការក្នុងខេត្តកំពតទទួលបាននូវមេដាយការងារ ដែលសបញ្ជាក់ឱ្យឃើញពីអ្វីដែលពាក់ព័ន្ធជាមួយនឹងការតស៊ូប្រឹងប្រែងពីសំណាក់បងប្អូនមន្ត្រីរាជការកន្លងមក។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការទទួលបានមេដាយការងារនាពេលនេះ គឺជាការយកចិត្តទុកដាក់ ការវាយតម្លៃខ្ពស់ជាមួយនឹងលទ្ធផលការងារដែលបានបំពេញនាពេលកន្លងមក ទៅតាមជំនាញ និងតួនាទីរៀងៗខ្លួនក្នុងការចូលរួមបំរើជាតិ និងបំរើប្រជាជន។ ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា មេដាយនេះ បើគិតជាពេលវេលា គឺយើងបានខិតខំប្រឹងប្រែងខ្លាំងណាស់ ហើយប្រសិនបើគិតជាការខំប្រឹងប្រែង ក៏យើងខំប្រឹងប្រែងច្រើនដែរ ហើយជាពិសេសគឺជាការគិតគូរដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចធិបតីនាយករដ្ឋមន្ត្រី។ ទន្ទឹមនឹងការខិតខំប្រឹងប្រែក្នុងការបម្រើជាតិ បម្រើប្រជាពលរដ្ឋក៏ទទួលបានការសាទរពីសំណាក់ប្រជាពលរដ្ឋ ផងដែរ។
ឯកឧត្តមអភិបាលខេត្តបានជំរុញឱ្យមន្ត្រីរាជការដែលទទួលបានការលើកទឹកចិត្តនាពេលនេះ សូមបន្តខិតខំប្រឹងប្រែងលើជំនាញវិជ្ជាជីវៈ និងបំពេញតួនាទីរបស់ខ្លួនបំរើពលរដ្ឋក្នុងមូលដ្ឋានខ្លួនឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឈានទៅទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលបន្តទៀត។
សូមបញ្ជាក់ថា នេះជាលើកទី២ហើយដែលរដ្ឋបាលខេត្តកំពតរៀបចំពិធីបំពាក់មេដាយការងារជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដល់រដ្ឋបាលស្រុកបន្ទាយមាស រដ្ឋបាលស្រុកអង្គរជ័យ រដ្ឋបាលស្រុកឈូក រដ្ឋបាលស្រុកជុំគិរី និងរដ្ឋបាលស្រុកដងទង់ ដែលមានចំនួន ១ ៤៥២នាក់ ក្នុងនោះស្រី ៧៦៣នាក់ ខណៈដែលលើកទី១ មានរួមមានមន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពត រដ្ឋបាលក្រុងកំពត រដ្ឋបាលក្រុងបូកគោ រដ្ឋបាលស្រុកទឹកឈូ និងរដ្ឋបាលស្រុកកំពង់ត្រាច ក្នុងនោះមានមន្ត្រីអប់រំ និងមន្ត្រីសុខាភិបាល ដែលមានចំនួន ៨៥០នាក់ ស្រី ៤៩២នាក់៕
ដោយ ដេង ចិន





