រដ្ឋមន្ត្រីក្រសួងអប់រំ៖ វិស័យអប់រំគឺជាសសរស្ដម្ភដ៏សំខាន់នៃចំណងមិត្តភាពរវាងកម្ពុជា និងអូស្ត្រាលី
AKP ភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦–
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា វិស័យអប់រំគឺជាសសរស្ដម្ភដ៏សំខាន់នៃចំណងមិត្តភាពរវាងកម្ពុជា និងអូស្ត្រាលី ដោយចាប់តាំងពីឆ្នាំ១៩៩៤មកមានសិស្ស-និស្សិតកម្ពុជាជាង ៣៥ ០០០នាក់បានចុះឈ្មោះសិក្សានៅប្រទេសអូស្ត្រាលី ហើយនៅក្នុងឆ្នាំ២០២៥ មានសិស្សជាង ៤ ៤០០នាក់កំពុងសិក្សានៅទីនោះ។

ការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន យ៉ាងដូច្នេះ ក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា២០២៥-២០២៦ នៃកម្មវិធីសិក្សាចំណេះទូទៅប្រទេសអូស្ត្រាលី (Western Australian International Education) កាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះសិស្សជ័យលាភីទាំងអស់ដែលបានខិតខំប្រឹងប្រែងរហូតទទួលបានជោគជ័យ និងសម្រេចបាននូវសមិទ្ធផលនេះ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ SpringBoard4Education ក្នុងការនាំយកកម្មវិធីសិក្សាអន្តរជាតិដែលមានគុណភាពខ្ពស់មកផ្ដល់ជូនសិស្សានុសិស្សកម្ពុជា។ ឯកឧត្តមបានលើកឡើងថា អនាគតនៃកិច្ចសហប្រតិបត្តិការអប់រំ មិនគួរវាស់វែងត្រឹមចំនួនសិស្សដែលចេញទៅសិក្សានៅបរទេសប៉ុណ្ណោះទេ ប៉ុន្តែគឺការនាំយកការអប់រំអន្តរជាតិដែលមានគុណភាពមកកាន់ប្រទេសកម្ពុជា ដែលនេះជាការរួមចំណែកជាយុទ្ធសាស្ត្រដល់ការអភិវឌ្ឍជាតិ ពង្រឹងគុណភាពការអប់រំក្នុងស្រុក គាំទ្រការបង្កើតថ្មីនៃកម្មវិធីសិក្សា ពង្រឹងសមត្ថភាពភាសាអង់គ្លេស ការអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀន និងការកសាងសមត្ថភាពស្ថាប័ន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កម្ពុជាត្រូវការយុវជនដែលមានចំណេះដឹងប្រកបដោយគំនិតច្នៃប្រឌិត មានសមត្ថភាពផ្នែកឌីជីថល មានទស្សនវិស័យសកល និងមានការប្ដេជ្ញាចិត្តបម្រើសហគមន៍ និងប្រទេសជាតិ ដោយបានលើកទឹកចិត្តឱ្យសិស្សជ័យលាភីទាំងអស់ចាត់ទុកការទទួលសញ្ញាបត្រនាពេលនេះគឺជាការបោះជំហានថ្មីឆ្ពោះទៅការសិក្សាកាន់តែខ្ពស់បន្តទៀត ដោយត្រូវមានក្ដីស្រមៃធំ ខិតខំប្រឹងប្រែងរក្សាភាពចង់ដឹងចង់ឃើញ និងមិនត្រូវភ័យខ្លាចក្នុងការរៀនសូត្រពីបរាជ័យឡើយ ហើយថា ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់គ្រឹះស្ថានអប់រំអន្តរជាតិ និងប្ដេជ្ញាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការដៃគូ ដើម្បីជំរុញនវានុវត្តន៍ អន្តរជាតូបនីយកម្ម បរិវត្តកម្មឌីជីថល និងការកសាងសមត្ថភាពគ្រូបង្រៀន ដែលនេះជាការវិនិយោគដ៏មានសារៈសំខាន់លើធនធានមនុស្សសម្រាប់អនាគតប្រទេសជាតិ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





