អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត
AKP ប៉ៃលិន ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦--
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញនាំយកអំណោយ មកដាក់ក្នុងផ្ទះបរិច្ចាគនៅគ្រប់ទីតាំងទាំងអស់ក្នុងខេត្ត ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា វប្បធម៌នៃការចែករំលែក បានស្តែងចេញតាមរយៈនៃសមានចិត្តជួយគ្នាក្នុងគ្រាមានអាសន្ន និងសាមគ្គីភាពក្នុងចំណោមប្រជាជនកម្ពុជា ហើយទង្វើដ៏ប្រពៃថ្លៃថ្លានេះទទួលបាននូវការសាទរយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងបានសរបញ្ជាក់ឱ្យឃើញពីតម្លៃ មិន អាចកាត់ថ្លៃបាន និងការមិនរើសអើងចំពោះពលរដ្ឋណាម្នាក់ ឬជាតិសាសន៍ណាមួយ ដែលជួបការលំបាក ដូច្នេះកាយវិការដ៏ប្រពៃនេះ បានឆ្លាក់ជាប់ក្នុងក្រអៅបេះដូង នៃពលរដ្ឋខ្មែរគ្រប់រូប។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បន្តថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាតែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរង គ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយ និងឧបទ្ទេហេតុផ្សេងៗ នៅទូទាំងប្រទេសគ្រប់ពេលវេលា ដោយមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នា ការនយោបាយអ្វីឡើយ ជាពិសេសបានផ្តាំផ្ញើដល់មន្ត្រីមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុក្ខដាក់ចំពោះ ជីវភាពរស់នៅ ប្រជាពលរដ្ឋ ដោយមិនបណ្តោយឱ្យពលរដ្ឋណាម្នាក់ស្លាប់ អត់បាយ ដោយមិនបានដឹង និងមិនបានជួយដោះស្រាយនោះឡើយ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានអំពាវនាវដល់បងប្អូនសប្បុរសជនទាំងក្នុងខេត្ត ក្រៅខេត្ត ទាំងក្នុងប្រទេស និងក្រៅប្រទេស សូមចូលរួមការងារមនុស្សធម៌ វប្បធម៌នៃការ ចែករំលែក ដោយអាចយកជាសម្ភារៈប្រើប្រាស់ (ថ្មី ឬ ១តឹក) និងគ្រឿងឧបភោគបរិភោគ យកមកដាក់ក្នុងផ្ទះបរិច្ចាគនេះ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ។
សូមបញ្ជាក់ថា «ផ្ទះបរិច្ចាគ» ដែលមានទីតាំងនៅទូទាំងខេត្ត ត្រូវបានផ្តួចផ្តើមបង្កើតឡើង ដោយលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ក្នុងគោលបំណងទទួល និងផ្តល់សម្ភារៈ គ្រឿងឧបភោគបរិភោគ សម្រាប់ទុរគតជន និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត៕
ដោយ វួច ពឿន





