ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំងគោរពវិញ្ញាណក្ខន្ធសពអតីតយុទ្ធជនពិការនៅសង្កាត់កំពង់ធំ
AKPកំពង់ធំថ្ងៃទី១៦ខែសីហាឆ្នាំ២០២៦ --
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជា ការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានប្រចាំការ និងជាប្រធានក្រុមលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១៥ខែសីហាឆ្នាំ២០២៦បានដឹកនាំសហការី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង និងក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំនាំយកថវិកាបេឡាមរណៈសង្គ្រោះ ទៅប្រគល់ជូនក្រុមគ្រួសារសព និងគោរពវិញ្ញាណក្ខន្ធសព វរសេនីយ៍ទោ ប្រាក់ ណារី អតីតយុទ្ធជនពិការ ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិនិងមាតុ ភូមិនាពេលកន្លងទៅ។

លោកអនុសេនីយ៍ទោ នួន ស៊ីថាល់ ក្រុមលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានឡើងអានសាររំលែកទុក្ខរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធា នសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនចំពោះក្រុមគ្រួសារសព និងបានគូសបញ្ជាក់អំពីជីវប្រវត្តិរបស់លោកវរសេនីយ៍ទោ ប្រាក់ ណារី ដែលធ្លាប់បានចូលបម្រើក្នុងជួរកងទ័ព នៅឆ្នាំ ១៩៧៩ នៅអង្គភាពយោធាខេត្តកំពង់ធំ ហើយត្រូវបានក្រសួងការពារជាតិវាយតម្លៃដាក់ឱ្យចូលជាយោធិនពិការនៅឆ្នាំ ២០១៧។
លោកមានភរិយាឈ្មោះ កង សុខឃី អាយុ ៦៣ឆ្នាំ មានកូននៅក្នុងបន្ទុកចំនួន២នាក់ រស់នៅភូមិទី៣ សង្កាត់កំពង់ធំក្រុងស្ទឹងសែន ខេត្តកំពង់ធំ។លោកបានទទួលមរណភាពកាលពីរសៀលថ្ងៃទី១៤ខែសីហាឆ្នាំ ២០២៦ក្នុងជន្មាយុ៦៩ឆ្នាំដោយរោគាពាធ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា លោកវរសេនីយ៍ទោ ប្រាក់ ណារី ជាអតីតយុទ្ធមិត្តដែលធ្លាប់រួមប្រយុទ្ធនិងរួមការងារក្នុងសម័យសង្គ្រាមស៊ីវិល ក្នុងទសវត្សរ៍ ១៩៨០ -ដល់ទសវត្សរ៍ ១៩៩០ នៅអង្គភាពយោធាខេត្តកំពង់ធំ ។

លោកធ្លាប់បានចូលរួមបំរេីប្រយុទ្ឋក្នុងនាមជាពេទ្យបបឋមនិងពេទ្យមធ្យមជាច្រើនសមរភូមិក្នុងសម័យសង្គ្រា មស៊ីវិលដើម្បីការពារ ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត នឹងបានចូលរួមអនុវត្តនូវនយោ បាយឈ្នះឈ្នះ របស់សម្ដេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ១៩៩៨ ដែលនាំមកនៅសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ ។
នៅក្នុងឱកាសនោះឧត្តមសេនីយ៍ សោម ស៊ុន និងសហការី បានគោរពវិញ្ញាណ ក្ខន្ធនិងបានសូមបួងសួង សូមឱ្យវិញ្ញាណក្ខន្ធលោកវរសេនីយ៍ទោ ប្រាក់ ណារី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

ជាមួយនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណេះសំណាលជាមួយក្រុមគ្រួសារនៃសព ដោយបានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់លោកវរសេនីយ៍ទោ ប្រាក់ ណារី ដែលជាអតីតយុទ្ធជន ធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ។ជាស្វាមី និងជាឪពុកដ៏ល្អ ក្នុងគ្រួសាររបស់លោកស្រី កង សុខឃី ដែលត្រូវជាភរិយានិងបានប្រគល់ថវិកាបេឡាមរណៈសង្គ្រោះចំនួន ៤លានរៀល របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនក្រុមគ្រួសារសព ដើម្បីរៀបចំពិធីបុណ្យសពនៅពេលនេះឱ្យបានសមរម្យ សមស្រប និងគុណបំណាច់របស់គាត់ចំពោះជាតិនិងមាតុភូមិ៕
ដោយ៖ ស៊ុម វណ្ណា





