ពិធីសម្ពោធឆ្លងព្រះពុទ្ធរូបអង្គធំនិងសមិទ្ធផលនានា នៅក្នុងវត្តកោះ ស្រុកអង្គរបូរី ខេត្តតាកែវ
AKP តាកែវ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦--
ថ្នាក់ដឹកនាំ មន្ត្រីរាជការ រដ្ឋបាលខេត្តតាកែវបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធឆ្លងព្រះពុទ្ធរូបអង្គធំ និងសមិទ្ធផលនានា នៅក្នុងវត្តកោះ ស្រុកអង្គរបូរី ខេត្តតាកែវ។អញ្ជើញជាអធិបតីក្នុងពិធីនោះ ដោយ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមានការនិមន្តនិងអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្តតាកែវ លោក លោកស្រីអភិបាលរងខេត្តតាកែវ ព្រះអនុគណស្រុកអង្គរបូរី ព្រះសង្ឃ ប្រធាន អនុប្រធានមន្ទីអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង-ស្រុក ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំប្រដាប់អាវុធ ចំណុះរដ្ឋបាលស្រុកអង្គរបូរី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនស.ស.យ.ក យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម យុវជនក្មេងវត្ត ប្រជាការពារ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ ចូលរួមយ៉ាងច្រើនកុះករ។

ពិធីនេះរៀបចំឡើងនៅក្នុងបរិវេណវត្តកោះ ស្ថិតនៅក្នុងភូមិតាអី ឃុំបាស្រែ ស្រុកអង្គបូរី ខេត្តតាកែវ កាលពីព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦។
មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានរំលឹកពីតម្លៃសន្តិភាព ដែលនាំឱ្យមានការអភិវឌ្ឍន៍ទាំងវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ។ជាពិសេសប្រជាពលរដ្ឋមានសិទ្ធិ ក្នុងការជ្រើសរើសជំនឿសាសនា និងចូលរួមកម្មវិធីសាសនាណាមួយដែលខ្លួនពេញចិត្ត។

ឯកឧត្តមអភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្តថា វិស័យព្រះពុទ្ធសាសនា នៅក្នុងប្រទេសកម្ពុជាយើង នាពេលបច្ចុប្បន្ននេះ កំពុងតែមានការរីកចម្រើន។ដោយក្នុងនោះយើងសង្កេតឃើញនៅតាមវត្តអារាម មានកុដព្រះសង្ឈគង់នៅ ព្រះវិហារ សាលាឆាន់ជាដើមនោះ ត្រូវបានពុទ្ធសាសនិកនាំគ្នាកសាងយ៉ាងព្រោងព្រាត។ប្រជាពលរដ្ឋមានសិទ្ធជ្រើសរើសសាសនាដែលខ្លួនពេញចិត្ត និងចូលរួមកម្មវិធីសាសនាផ្សេងៗ ដូចជាកម្មវិធីបុណ្យនៅថ្ងៃនេះជាដើម។
ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បន្ថែមថា ព្រះរាជាណាចក្រកម្ពុជាយើងមានបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា តែងបានលើកកម្ពស់ និងចាត់ទុកវិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋទៀតផង។ព្រោះថាព្រះពុទ្ធសាសនា មិនត្រឹមតែបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ បានរួមរស់ជាមួយគ្នាដោយសុខសាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារអត្តសញ្ញាណជាតិផងដែរ។

ឯកឧត្តមអភិបាលខេត្តតាកែវ វ៉ី សំណាង បានមានប្រសាសន៍បន្ថែមទៀតថា ប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយ គឺជាមូលហេតុដែលនាំអោយប្រទេសមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋមានជីវភាពធូរធារ។ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តឈរនៅពីក្រោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរក្សាសុខសន្តិភាពនេះឱ្យស្ថិតស្ថេរតទៅមុខទៀត ព្រោះសន្តិភាពជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិយើង៕
ដោយ អ៊ុច សៀង





