គណកម្មាធិការចុះបញ្ជីដីធ្លីខេត្តកំពង់ឆ្នាំង ពន្លឿនការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋ
AKP កំពង់ឆ្នាំង ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦--
លោក ជា សុខរិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបិទផ្សាយជាសាធារណ: នូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ នូវឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។ ពិធីនេះមានការអញ្ជើញចូលរួមពីប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី លោក លោកស្រីមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី និងតំណាងមីក្រូហិរញ្ញវត្ថុរួមនិងប្រជាច្រើនាក់ផងដែរ។

ក្នុងឱកាសនោះលោក ជា សុខរិទ្ធិ បានមានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធវាពិតជាមានសារៈសំខាន់ណាស់ដល់ប្រជាពលរដ្ឋដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់អាចយកទៅប្រើប្រាស់ និងធ្វើជាឯកសារផ្លូវច្បាប់។ ក្នុងការគ្រប់គ្រងអត្តសញ្ញាណដី ទំហំដី នៅក្នុងមូលដ្ឋាន និងជំរុញឱ្យប្រជាពលរដ្ឋដែលមិនទាន់បានទទួលប័ណ្ណកម្មសិទ្ធិស្របច្បាប់មកចុះបញ្ជីដីធ្លី តាមអនុក្រឹត្យលេខ៤៦-៤៨ និងឧបសម្ព័ន្ធនិយាមការច្បាស់លាស់ក្នុងការកំណត់ព្រំដី សិទ្ធិអ្នកកាន់កាប់ដីធ្លី ដើម្បីកាត់បន្ថយនូវការទំនាស់ដីធ្លីនៅក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា ។

ទន្ទឹមនឹងនេះលោកបានបន្តថា ក្នុងនាមអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំងសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់និងសូរិយោដីដែលបានបង្កើតឱ្យមានការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ ។ ដោយកិច្ចខំប្រឹងប្រែងរបស់ក្រុមការងារដែលបាននឹងកំពុងបន្តប្រឹងប្រែងក្នុងដំណើរការចុះបញ្ជីដីធ្លីជាបន្តបន្ទាប់ទៀត។

ជាមួយគ្នានេះ លោកអភិបាលរងក៏បានធ្វើការពន្យល់ដល់លោកមេឃុំ ស្តីពីការស្រង់ស្ថិតិប្រជាពលរដ្ឋ និងការចុះបញ្ជីដីធ្លីបំពេញបន្ថែម តាមរយៈប្រធានក្រុម ភូមិ ឃុំ សង្កាត់ ក្រុង ខេត្ត ក្នុងការគ្រប់គ្រងអត្តសញ្ញាណដី ទំហំដី នៅក្នុងមូលដ្ឋាន និងជំរុញឱ្យប្រជាពលរដ្ឋដែលមិនទាន់បានទទួលប័ណ្ណកម្មសិទ្ធិស្របច្បាប់មកចុះបញ្ជីដីធ្លី។ ការពិភាក្សាក្រុមប្រឹក្សាឃុំ កំណត់ដីចំណីផ្លូវ ដើម្បីងាយស្រួលក្នុងការចុះបញ្ជីដីធ្លីជាលក្ខណៈជាប្រព័ន្ធបំពេញបន្ថែមជូនប្រជាពលរដ្ឋ និងរៀបចំផែនការមេក្នុងការគ្រប់គ្រងដីធ្លីនៅក្នុងឃុំ ឱ្យមានប្រសិទ្ធភាព និងតម្លាភាព៕
ដោយ បៃ ស៊ីថុន





