កុមារកំព្រានៅក្នុងមណ្ឌល ផ្ទះកុមារថាឡាបរិវ៉ាត់បានទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង
AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦-
-លោកស្រី សន សុខា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា សមាជិកគណៈគម្មាធិការសាខា ឯកឧត្តមនាយកសាខា និងមន្ត្រីសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូនដល់មណ្ឌល កុមារកំព្រាផ្ទះកុមារថាឡាបរិវ៉ាត់ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ ២០២៦ នេះ ។

ក្នុងឱកាសនោះ លោកស្រី សន សុខា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ក៏បាននាំយកនូវប្រសាសន៍សួរសុខទុក្ខអំពី ឯកឧត្ដម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ដែលតែងតែ គិតគូរអំពីសុខទុក្ខរបស់ក្មួយៗទាំងអស់ជាកុមារកំព្រា ជាពិសេសយកចិត្តទុកដាក់ នឹងផ្តល់នូវក្តីសង្ឃឹម ភាពកក់ក្ដៅ ព្រមទាំងក្តីស្រឡាញ់ មិនថាតែចំពោះកូនៗក្មួយដែលនៅក្នុងមណ្ឌលកុមារកំព្រានេះប៉ុណ្ណោះទេ រួមគឺកុមារទាំងអស់ទូទាំងប្រទេស ។

អំណោយមនុស្សធម៌ដែលបានប្រគល់ជូនផ្ទះកុមារថាឡាបរិវ៉ាត់រួមមាន៖ អង្ករ ១៥០គីឡូក្រាម,មី ៥កេស,ទឹកត្រី ៥យួរ ,ទឹកស៊ីអ៊ីវ ៥យួរ,ត្រីខ ៥យួរ និងថវិកា៦០០,០០០រៀលផងដែរ៕
ដោយ៖ ពេជ្រ សំអឿន(ប្រភព៖កាកបាទក្រហមកម្ពុជា)





