កិច្ចប្រជុំស្តីពី «ការធ្វើបច្ចុប្បន្នភាព និងទំនើបកម្មលើប្រព័ន្ធព្យាករណ៍រ៉ាដាតេជោសែនទី១ ដើម្បីឈានទៅធ្វើសមហរណកម្មជាមួយមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក (Data Center) និងស្ថានីយរ៉ាដាតេជោសែនទី២»
AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំទីស្តីការក្រសួង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ការធ្វើបច្ចុប្បន្នភាព និងទំនើបកម្មលើប្រព័ន្ធព្យាករណ៍រ៉ាដាតេជោសែនទី១ ដើម្បីឈានទៅធ្វើសមហរណកម្មជាមួយមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក (Data Center) និងស្ថានីយរ៉ាដាតេជោសែនទី២»។

គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីបង្កើនប្រសិទ្ធភាពការព្យាករឱ្យកាន់តែល្អប្រសើរ ព្រមទាំងរក្សាទុកទិន្នន័យចាស់ៗជាសារប្រយោជន៍ក្នុងការប្រៀបធៀបលើការប្រើប្រាស់ទិន្នន័យជាតិនៃមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យជាតិធនធានទឹក និងឧតុនិយម (Data Center)។

សមាសភាពចូលរួមក្នុងកិច្ចប្រជុំមាន៖ឯកឧត្តមតំណាងដ៏ខ្ពង់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមការងារបច្ចេកទេសជាតិ និងអន្តរជាតិ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាននាយកដ្ឋានជំនាញពាក់ព័ន្ធ នៃក្រសួងធនធានទឹក និងឧតុនិយម។
ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ប្រព័ន្ធរ៉ាដាតេជោសែនទី១ គឺជាឧបករណ៍ដែលក្រសួងបានប្រើប្រាស់កន្លងមក ហើយពិតជាបានផ្តល់បទពិសោធន៍យ៉ាងសំខាន់សម្រាប់យើងគិតគូរឈានទៅរកការបង្កើតរ៉ាដាតេជោសែនទី២ ឱ្យកាន់តែទំនើប អាចព្យាករកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងមានការតភ្ជាប់ជាខ្សែសង្វាក់ទៅនឹងមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងឧតុនិយម ដែលជាសមិទ្ធផលវិស្វកម្មដ៏ទំនើប បំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាជឿនលឿនសម្រាប់ប្រមូលផ្តុំ រក្សាទុក និងវិភាគទិន្នន័យប្រកបដោយប្រសិទ្ធភាព។

មជ្ឈមណ្ឌលនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើដល់ការអភិវឌ្ឍជាតិគ្រប់វិស័យ រួមមាន៖ វិស័យកសិកម្ម ការគ្រប់គ្រងគ្រោះមហន្តរាយ អាកាសចរណ៍ ទេសចរណ៍ និងវិស័យពាក់ព័ន្ធដទៃទៀត ព្រមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការត្រៀមលក្ខណៈបង្ការទុកជាមុន ដើម្បីកាត់បន្ថយហានិភ័យពីគ្រោះទឹកជំនន់ និងទប់ស្កាត់បញ្ហាភាពរាំងស្ងួតឱ្យបានជាអតិបរមា៕
ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម)





