ទីក្រុងដេលី ប្រទេសឥណ្ឌារាយការណ៍ពីការកើនឡើងនៃករណីជំងឺផ្ដាសាយ H1N1
AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ -- របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើនបាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋធានីដេលីកំពុងឃើញការកើនឡើងយ៉ាងខ្លាំងនៃករណីជំងឺផ្តាសាយ H1N1។
យោងតាមទិន្នន័យបានឱ្យដឹងថា ទីក្រុងដេលីរហូតមកដល់ពេលនេះបានកត់ត្រាករណីជំងឺផ្តាសាយ H1N1 (ជំងឺផ្តាសាយជ្រូក) ជាង១.៣០០ករណីនៅឆ្នាំនេះ ដែលជាការកើនឡើងជិត៦ដងបើប្រៀបធៀបទៅនឹង ២២៩ករណីក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមកាសែតក្នុងស្រុកមួយឈ្មោះ Dainik Jagran បាន្យដឹងថា ការស្លាប់មនុស្ស ២នាក់ក្នុងគ្រួសារតែមួយដែលទាក់ទងនឹងជំងឺនេះត្រូវបានរាយការណ៍កាលពីសប្តាហ៍មុននៅមន្ទីរពេទ្យឯកជនមួយក្នុងទីក្រុងដេលីក្នុងរយៈពេល ៣ថ្ងៃ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលក្នុងតំបន់ Pankaj Kumar Singh បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា រដ្ឋបាលទីក្រុងដេលីបានធ្វើការរៀបចំគ្រប់គ្រាន់ទាក់ទងនឹងថ្នាំពេទ្យ គ្រែ និងម៉ាស៊ីនជំនួយដង្ហើមនៅមន្ទីរពេទ្យដើម្បីដោះស្រាយស្ថានភាពនេះ។
អ្នកជំនាញសុខភាពបានសន្មតថា ការកើនឡើងនៃករណីជំងឺផ្តាសាយគឺដោយសារតែការប្រែប្រួលតាមរដូវក្នុងអំឡុងពេលរដូវវស្សា។ ទន្ទឹមនឹងនេះ គ្រូពេទ្យបានព្រមានប្រជាជនឱ្យប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវគោលការណ៍ណែនាំបង្ការដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺផ្តាសាយH1N1៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





