លោក អានដ្រាស បាកា ត្រូវបានជ្រើសតាំងជាប្រធានាធិបតីថ្មីរបស់ប្រទេសហុងគ្រី
AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ -- កាលពីថ្ងៃអង្គារ សភាហុងគ្រីបានជ្រើសរើសអតីតប្រធានតុលាការកំពូល លោក អានដ្រាស បាកា (Andras Baka) ជាប្រធានាធិបតីថ្មីរបស់ប្រទេស។
លោក បាកា មានអាយុ ៧៣ឆ្នាំដែលជាបេក្ខជនតែម្នាក់គត់នៅក្នុងការបោះឆ្នោតបានទទួលសំឡេងគាំទ្រចំនួន ១៤០សំឡេងនៅក្នុងការបោះឆ្នោតសម្ងាត់។ លោកត្រូវបានតែងតាំងដោយគណបក្ស Tisza ដែលកំពុងកាន់អំណាចដែលមានសំឡេងភាគច្រើនពីរភាគបីនៃសភាដែលត្រូវការដើម្បីជ្រើសរើសប្រធានាធិបតីដោយគ្មានការគាំទ្រពីគណបក្សប្រឆាំង។ លោក បាកា នឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី១៩ ខែសីហា។
នៅក្នុងសុន្ទរកថារបស់លោក លោក បាកា បាននិយាយថា តួនាទីរបស់លោកជាប្រធានាធិបតីគឺតំណាងឱ្យទស្សនៈភាគច្រើន និងមតិភាគតិចទទួលស្គាល់ភាពខុសគ្នាខាងនយោបាយជាជាងការដាក់ឯកភាពសិប្បនិម្មិតនិងការពារការត្រួតពិនិត្យ និងតុល្យភាពរដ្ឋធម្មនុញ្ញ។
លោកបាននិយាយថា ទំនាក់ទំនងរបស់ប្រទេសហុងគ្រីជាមួយសម្ព័ន្ធមិត្តអន្តរជាតិជាច្រើនបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយការកសាងឡើងវិញនូវភាពជាដៃគូទាំងនោះគួរតែជាអាទិភាពសំខាន់មួយនៃតំណែងប្រធានាធិបតីរបស់លោក។
លោក បាកា បានបម្រើការជាចៅក្រមនៅតុលាការសិទ្ធិមនុស្សអឺរ៉ុបចាប់ពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០០៨ មុនពេលសភាហុងគ្រីបានជ្រើសរើសលោកជាប្រធានតុលាការកំពូលក្នុងឆ្នាំ២០០៩។
អាណត្តិ ៦ឆ្នាំរបស់លោកជាប្រធានតុលាការកំពូលត្រូវបានបញ្ចប់នៅចុងឆ្នាំ២០១១ បន្ទាប់ពីកំណែទម្រង់ប្រព័ន្ធតុលាការដែលត្រូវបានណែនាំក្រោមរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក វីកទ័រ អរបាន (Viktor Orban)។
ការបោះឆ្នោតកាលពីថ្ងៃអង្គារបន្ទាប់ពីអតីតប្រធានាធិបតី លោក តាម៉ាស់ ស៊ូលយ៉ូក (Tamas Sulyok) បានចុះហត្ថលេខាលើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១៧ របស់ប្រទេសនៅចុងខែមុនដែលជាការបញ្ចប់អាណត្តិរបស់លោកពីប្រមុខរដ្ឋ។
ប្រធានាធិបតីហុងគ្រីត្រូវបានជ្រើសតាំងដោយសភាសម្រាប់អាណត្តិ៥ឆ្នាំដោយទទួលខុសត្រូវចំពោះកាតព្វកិច្ចរដ្ឋធម្មនុញ្ញរួមទាំងការចុះហត្ថលេខាលើច្បាប់ និងតំណាងឱ្យរដ្ឋ។ ប្រធានាធិបតីក៏ជាមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធហុងគ្រីផងដែរ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





