ខេត្តបាត់ដំបង និងបន្ទាយមានជ័យ ចុះហត្ថលេខាលើសំណើកែសម្រួលព្រំប្រទល់រដ្ឋបាល ដើម្បីប្រសិទ្ធភាពសេវាសាធារណៈ
AKP បាត់ដំបង ថ្ងៃទី១២ ខែសីហាឆ្នាំ២០២៦–ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាល ការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងជាពិសេសការលើកកម្ពស់គុណភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែឆាប់រហ័ស និងចំគោលដៅ រដ្ឋបាលខេត្តបាត់ដំបង និងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្រេចបោះជំហានយ៉ាងសំខាន់មួយទៀត។
នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ពិធីចុះហត្ថលេខាលើសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម នៅឯសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និង ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

ការកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តជាប់ព្រំគ្នាមួយចំនួន គឺជាកិច្ចការបច្ចេកទេសដ៏មានសារៈសំខាន់ ដើម្បីលុបបំបាត់ចន្លោះប្រហោង និងការជាន់ព្រំគ្នាដែលធ្លាប់បង្កជា,អប្បបរិមា, នូវការលំបាកតិចតួចដល់ប្រជាពលរដ្ឋក្នុងការស្នើសុំសេវាកម្មរដ្ឋបាលផ្សេងៗ។
តាមរយៈការកំណត់ព្រំប្រទល់ឱ្យកាន់តែច្បាស់លាស់ និងស្របតាមស្ថានភាពភូមិសាស្ត្រជាក់ស្តែង ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ព្រំប្រទល់នៃខេត្តទាំងពីរ នឹងទទួលបានភាពងាយស្រួលជាងមុនក្នុងការទាក់ទងអាជ្ញាធរមូលដ្ឋាន មិនថាជាការធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ការចុះបញ្ជីដីធ្លី ឬសេវាសាធារណៈចាំបាច់ដទៃទៀតឡើយ។

នៅក្នុងកិច្ចប្រជុំនិងពិធីចុះហត្ថលេខានោះ ថ្នាក់ដឹកនាំខេត្តទាំងពីរបានបង្ហាញនូវចក្ខុវិស័យ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានគូសបញ្ជាក់ថា កិច្ចសហការគ្នានាពេលនេះ គឺជាសក្ខីភាពបញ្ជាក់ពីស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទីបម្រើប្រជាពលរដ្ឋ។ ការសម្របសម្រួលព្រំប្រទល់រដ្ឋបាលនេះ នឹងធ្វើឱ្យការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព កាន់តែមានប្រសិទ្ធភាពទ្វេដង។

ជាមួយនោះឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងស្រដៀងគ្នាដែរថា ការកំណត់ព្រំប្រទល់ឱ្យកាន់តែច្បាស់លាស់រវាងខេត្តទាំងពីរ មិនត្រឹមតែជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យកងកម្លាំងមានសមត្ថកិច្ចរបស់ខេត្តទាំងពីរងាយស្រួលក្នុងការទប់ស្កាត់ និងបង្ការបទល្មើសផ្សេងៗ ធានាបាននូវសុខសន្តិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋប្រកបដោយភាពកក់ក្តៅ។

បន្ទាប់ពីការចុះហត្ថលេខាលើសំណើនេះ រដ្ឋបាលខេត្តទាំងពីរនឹងបន្តកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសគណៈកម្មការជាតិជំនាញ ដើម្បីចុះវាស់វែង កំណត់និយាមកា និងបំពេញផ្លូវច្បាប់ចាំបាច់នានា ស្របតាមបទដ្ឋានគតិយុត្ត ដើម្បីដាក់ជូនរាជរដ្ឋាភិបាលសម្រេចជាផ្លូវការ។

ព្រឹត្តិការណ៍នេះ ត្រូវបានចាត់ទុកជា គំរូដ៏ល្អនៃការរួមសហការគ្នារវាងរដ្ឋបាលរាជធានី-ខេត្ត ក្នុងការដោះស្រាយបញ្ហាប្រឈមថ្នាក់មូលដ្ឋាន ដោយយកផលប្រយោជន៍ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋជាត្រីមុខ៕
ដោយ៖ ឈុន សារ៉ាត





